ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១ វិច្ឆិកា ២០១៩ នេះថា ការនាំចេញផ្លែចេកកម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ មានចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារដែលនាំចេញដ៏សំខាន់ជាងគេនោះគឺប្រទេសចិន។
អ្នកទទួលខុសត្រូវក្នុងក្រុមហ៊ុនLongmate ដែលទទួលបានការអនុញ្ញាតនាំផ្លែចេកចេញទៅប្រទេសចិនដំបូងគេ បានមានប្រសាសន៍ថា ដោយទទួលបានអត្ថប្រយោជន៍ នៃសក្តានុពលទីផ្សារដ៏ធំរបស់ប្រទេសចិន ការនាំចេញផ្លែចេករបស់កម្ពុជានឹងមានការកើនឡើងកាន់តែខ្ពស់ ។ លោកសង្ឃឹមថាអាចក្លាយជាផលិតផលដ៏ចាំបាច់ក្នុងការនាំចេញនៃប្រទេសកម្ពុជា នឹងអាចបង្កើតបានប្រាក់ចំណូលខ្ពស់ជាងផលិតផលអង្ករផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះកំពុងមានគម្រោងពង្រីកផ្ទៃដីដាំដុះដំណាំចេកកាន់តែធំ ដើម្បីសម្រេចទទួលបានការនាំចេញផ្លែចេកទៅកាន់ប្រទេសចិនចំនួន២,២ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ និងសម្រេចបាន៣,៣ម៉ឺនតោននាឆ្នាំ២០២០ខាងមុខនេះ។
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ចិនបានអនុញ្ញាតសហគ្រាសថ្មីចំនួន៤ក្នុងការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ហើយបច្ចុប្បន្ននេះសហគ្រាសដែលនាំចេញផ្លែចេកទៅកាន់ប្រទេសចិនមានចំនួន៩ក្រុមហ៊ុន។ ក្រៅពីនេះ ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG)ក៏បានប្រកាសថានឹងវិនិយោគតម្លៃជាង៣០លានដុល្លារអាមេរិក ដើម្បីធ្វើការបង្កើតចម្ការដាំដុះដំណាំចេកក្នុងប្រទេសកម្ពុជាលើផ្ទៃដីជាង១៥០០ហិកតា៕