ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា មេដឹកនាំរបស់សហរដ្ឋអាមេរិកបានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកានេះ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុសកល ដែលត្រូវបានរៀបចំឡើងដោយប្រទេសបារាំង ។
លិខិតដកខ្លួនរបស់អាមេរិក ត្រូវបានផ្ញើទៅកាន់អង្គការសហប្រជាជាតិស្របពេលដែល្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរបស់ប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុសកលនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសចិន ។
មន្ត្រីការិយាល័យប្រធានាធិបតីបារាំង បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ទោះបីជាអាមេរិកបានដឹងច្បាស់ហើយថា បម្រែបម្រួលអាកាសធាតុសកល អាចនឹងធ្វើអោយប៉ះពាល់ដល់មនុស្សនៅលើផែនដីនៅពេលខាងមុខ ៕