ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការសម្រាប់គាំពារថែសុខភាព កម្មករ និងបន្តឧត្ថម្ភមាតុភាពសម្រាប់កម្មករនិយោជិតមន្ទីរគន្ធាបុប្ជា ការចុះសួរសុខទុក្ខកម្មករ-កម្មការិនី និងកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្តីក្រីក្រមានផ្ទៃពោះ និងកុមារតូចៗ ។
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ដើម្បីឆ្លើយតបនិងសកម្មភាពគាំពារសង្គម នៅក្នុងឆ្នាំ ២០២០ ខាងមុខ រាជរដ្ឋាភិបាលបានគ្រោងចំណាយកញ្ចប់ថវិការ សម្រាប់ការងារសង្គមជាច្រើន។
ការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ ក្នុងនោះបានត្រៀមកញ្ចប់ថវិការរបស់ក្រសួងសុខាភិបាល ដែលមានប្រមាណ ៦ប៊ីលានរៀល ក្នុងនោះមួយចំណែកសម្រាប់ពង្រីកមូលនិធិសមធម៌ ដើម្បីផ្តល់ឲ្យលទ្ធភាពឲ្យកម្មករ (ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ) ដែលមិនទាន់ចូលជាសមាជិករបបសន្តិសុខសង្គមថែទាំសុខភាព ដូចប្រជាជនដែលមានប័ណ្ណក្រីក្រផងដែរ ។
ចំណែកការបន្តឧត្តម្ភមាតុភាពសម្រាប់កម្មករនិយោជិត បានគ្រោងក្នុងកញ្ចប់ថវិការសុខាភិបាលដូចគ្នា សម្រាប់បន្តបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ពេលសម្រាលកូន និងសម្រាកលំហែមាតុភាព ។
ចំពោះមន្ទីរពេទ្យ គន្ធបុប្ផា នឹងបន្តផ្តល់ថវិការសម្រាប់បង្កើន (មូលនិធិគន្ធាបុប្ផាកម្ពុជា) បន្ថែមថវិការដែលត្រូវផ្តល់ផ្ទាល់ទៅមន្ទីរពេទ្យគន្ធបុប្ផា ។ សម្រាប់ចំណាយប្រតិបត្តិការឆ្នាំ២០២០ ដើម្បីធានានិរន្តភាព គុណភាព ផ្តល់សេវាដោយមិនយកថ្លៃ ។ ចំពោះការបន្តសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការចុះសួរសុខទុក្ខកម្មករ កម្មការិនី តាម បណ្តារោងចក្រសហគ្រាស ដើម្បីស្វែងយល់ និងរកដំណោះស្រាយសមស្របជូនកម្មករ កម្មការិនី ។
ដោយឡែកកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ស្រ្តីក្រីក្រ មានផ្ទៃពោះ និងកុមារតូចៗវិញ នៅក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលគ្រោងថវិការសម្រាប់ឧបត្តម្ភ នៅពេលពិនិត្យផ្ទៃពោះចំនួន ៤ លើក ក្នុងមួយលើក ៤ ម៉ឺនរៀល ។ ពេលសម្រាលកូននៅមណ្ឌលសុខភាព ឬពេទ្យរដ្ឋជូន ២០ម៉ឺនរៀល និងឧបត្ថម្ភ ១០ លើកទៀត ដោយក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលទៅចាក់ថ្នាំបង្ការរហូតដល់កុមារអាយុ ២ឆ្នាំ ។
សូមបញ្ជាក់ថា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការចំនួន ៤០ ប៊ីលានរៀល សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័ន អាចជ្រើសរើសមន្រ្តីមានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ ។
ចំណែកថវិការប្រមាណ ៥០ ប៊ីលានរៀល គ្រោងសម្រាប់មូលនិធិថែទាំសុខភាព មន្រ្តីរាជការ កងកំលាំង ប្រដាប់អាវុធ និងនិវត្តន៍ជន។ ចំណែកថវិការ ៦ ប៊ីលានរៀលផ្សេងទៀត គ្រោងសម្រាប់ទ្រទ្រង់របបសន្តិសុខសង្គម នឹងបានគ្រោងថវិការប្រមាណ ៦០ប៊ីលានរៀល សម្រាប់ការតម្លើងរបបសោធន ប្រចាំខែទាបបំផុត ជូនដល់អតីតមន្រ្តីរាជការស៊ីវិល និងកងកំលាំងប្រដាប់អាវុធផងដែរ ៕