ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជាយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការណ៍ស្រាវជ្រាវកសិកម្ម នឹងចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩

 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើលិខិតបញ្ជាក់ស្តីពី “អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម” ។

នៅក្នុងការចុះហត្ថលេខា​រវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជាយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម ២០១៩ ដល់ឆ្នាំ២០២៩ ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្រាវជ្រាវក្នុងវិស័យកសិកម្ម ជាការរួមចំណែកអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ ។

 លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់យ៉ាងថា រដ្ឋាភិបាលអូស្រ្តាលីនៅតែជាដៃគូសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មយូរអង្វែង រឹងមាំ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង ២៥ឆ្នាំមកនេះ ។ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ធ្វើការកែទម្រង របៀប និងទម្លាប់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់បរិមាណ និងគុណភាពកសិផល បង្កើតឱកាសឲ្យមានការចូលរួមក្នុងការងារកសិធុរកិច្ចប្រកបដោយផែនការ និងទិសដៅច្បាស់លាស់។

សូមបញ្ជាក់ថា លិខិតបញ្ជាក់អំពីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលអូស្ដ្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ស្តីពីអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម នឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៩ ក្នុងខេត្តភាគខាងត្បូងនៃប្រទេស គឺខេត្តកំពត តាកែវ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ព្រមទាំងខេត្តជាប់បឹងទន្លេសាបចំនួនពីរទៀតគឺខេត្តកំពង់ធំ និងខេត្តសៀមរាប។ គោលបំណងសំខាន់ៗដែលភាគីទាំងពីរបានឯកភាពក្នុងភាពជាដៃគូរក្នុងការស្រាវជ្រាវ នឹងផ្តោតលើផ្នែកអាទិភាពសម្រាប់កសិកម្មចំនួន៣ រួមមាន៖

ទី១. ប្រពលវប្បកម្មនិងពិពិធកម្មកសិកម្មប្រកបដោយចីរភាព លើគ្រប់ដំណាំក្រៅពីស្រូវនៅក្នុងប្រព័ន្ធដំណាំ-ស្រូវតាមបែបប្រពៃណី និងប្រព័ន្ធដាំដុះផ្សេងទៀត ។

ទី២. ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មសត្វខ្នាតតូចដែលតម្រង់ទៅទីផ្សារ ។

ទី៣. ប្រពលវប្បកម្មប្រកបដោយចីរភាពនៃប្រព័ន្ធផលិតកម្មវារីវប្បកម្មទឺកសាប សម្រាប់ប្រភេទដែលសម្បូរដោយអាហារូបត្ថម្ភ ៕