ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១ គម្រោង មានទុន វិនិយោគសរុប ប្រមាណ ២.៥ ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទំហំទឹកប្រាក់ក្នុងការវិនិយោគជាង ៣៤០ លានដុល្លារអាមេរិកផងដែរ។
លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំ លើយន្តការថែទាំវិនិយោគ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកបញ្ជាក់ថា ចំពោះសកម្មភាពវិនិយោគរបស់ជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ចំពោះក្ដីកង្វល់ និងសំណូមពរ របស់អ្នកវិនិយោគជប៉ុន ។
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំការវិនិយោគ ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា យើងត្រូវខិតខំទាំងអស់គ្នាបន្ថែមទៀត ដើម្បីបង្ហាញពីសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មី ឱ្យមកបណ្តាក់ទុនបន្ថែមទៀត។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនជប៉ុន ដែលមានគម្រោងពង្រីកការវិនិយោគបន្ថែម ពួកគេនឹងពិនិត្យផងដែរទៅលើដំណោះស្រាយនៃបញ្ហាប្រឈម ដែលកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ ប៊ីលានដុល្លារអាមេរិក ក្នុងគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិកផងដែរ៕