ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១ គម្រោងជាមួយនិងមានទុនវិនិយោគសរុបប្រមាណ២.៥ ប៊ីលានដុល្លារអាមេរិក។ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ក្នុងការវិនិយោគជាង ៣៤០ លានដុល្លារអាមេរិកផងដែរ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៃអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌដូចជាការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំ ណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។
លើសពីនេះលោកបានលើកឡើងទៀតថា ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្មទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។
ដោយឡែក លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំការវិនិយោគដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា« យើងត្រូវធ្វើការខិតខំទាំងអស់គ្នាបន្ថែមទៀត គឺធ្វើឱ្យអ្នកវិនិយោគដែលកំពុងមានសកម្មភាពនៅកម្ពុជាមានការសប្បាយចិត្ត ក្នុងកិច្ចការប្រតិបត្តិការធុរកិច្ច ដើម្បីបង្ហាញពីសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មីឱ្យមកបណ្តាក់ទុនបន្ថែមទៀត»។
ក្រុមហ៊ុនជប៉ុន ដែលមានគម្រោងពង្រីកការវិនិយោគបន្ថែម ពួកគេនឹងពិនិត្យផងដែរទៅលើដំណោះស្រាយនៃបញ្ហាប្រឈមដែលកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។
គិតត្រឹមខែកញ្ញាឆ្នាំ២០១៩ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិកផងដែរ៕