ព្រះវិហារ ៖ ប្រជាពលរដ្ឋនៅ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា បានឲ្យដឹងថា បានឃុបឃិតគ្នាជាមួយក្រុមហ៊ុន PPPT លេងប៉ាហ៊ីដាក់រាជរដ្ឋាភិបាល បន្លំយកអនុក្រឹត្យ សម្អាតផ្ទៃដីជាង ៤.០០០ហិកតា សម្រាប់ចែកជូនគ្រួសារកងទ័ពចំនួន ៤.៥០០គ្រួសារ ដើម្បីប្រកបរបរកសិកម្ម។
ប៉ុន្តែបែជានាំគ្នាទៅវាតទីលួចកាប់ឈើប្រណីត នៅតំបន់ព្រះរកា ដែលជាតំបន់អភិរក្សព្រៃឈើ ទៅវិញហើយដឹកចេញទៅលក់ទាំងថ្ងៃទាំងយប់។ ចំណែកសមត្ថកិច្ចជំនាញ និងអាជ្ញាធរក្នុងខេត្ត បែរជានាំគ្នាបិទភ្នែកធ្វើមិនដឹងមិនឮ ចាំយកសំណូកពីក្រុមហ៊ុន PPPT ទៅវិញ។
ប្រជាពលរដ្ឋ និងមន្ត្រីស្លូតត្រង់ បានលើកឡើងថា រឿងក្រុមហ៊ុន PPPT លេងប៉ាហ៊ី យកអនុក្រឹត្យរាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យសម្អាតផ្ទៃដី ៤.០០០ហិកតា សម្រាប់ចែកជូនគ្រួសារកងទ័ពចំនួន ៤.៥០០គ្រួសារ បែរជានាំគ្នា កាប់ឈើប្រណីតពេញព្រៃ នៅតំបន់ព្រះរកានោះទៅវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន PPPT ដែលកំពុងលុកលុយកាប់ឈើប្រណីតគគ្រឹកគគ្រេងនេះ ស្ថិតនៅ តំបន់ព្រះរកា ភូមិរុងរឿង១ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មាននាយកឈ្មោះ ហូឡា សោភ័ណ្ឌ និងលោក ដេវីដ ជាមេការប្រចាំនៅទីកន្លែងកាប់ឈើ រង់ចាំរត់ការបិទមាត់សមត្ថកិច្ច និងបិទមាត់អ្នកកាសែត។ តាមពិតទៅ ដោយសារតែមាន មេការឈ្មោះ ដេវីដ ម្នាក់នេះ រត់ការបិទមាត់ថ្នាក់អភិបាលខេត្ត សមត្ថកិច្ចជំនាញគ្រប់ប្រភេទ ព្រមទាំងអ្នកកាសែតផងនោះ ទើប លោកហូឡា សោភ័ណ្ឌ នាយកក្រុមហ៊ុន PPPT និងបក្ខពួករបស់ខ្លួន សប្បាយកាប់ឈើប្រណីត បំផ្លាញធនធានធម្មជាតិរបស់កម្ពុជា យកទៅចែកចាយឱ្យឈ្មួញតាមដេប៉ូឈើធំៗ និងដឹកចេញទៅក្រៅប្រទេស ៕