ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកវេង សាខុន៖ ចូលរួមការពារសេចក្តីព្រាងច្បាប់ នៅវិមានរដ្ឋសភា

 

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា ចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្ត នៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា ។

មានលោកជា វ៉ាន់ដេត ជាប្រធាន និងគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកឈាង វុន ជាប្រធាន។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នារសៀលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាតំណាងពីគណៈកម្មការទាំង១០ នៃរដ្ឋសភាដ៏ឧត្តុង្គឧត្តមផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់ឆ្លងគណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភា នូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្តនៃអនុសញ្ញា សហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីប្រវត្តិសង្ខេប អត្ថប្រយោជន៍ និងគោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះគឺ ដើម្បីធានានូវការប្រើប្រាស់ និងអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយប្រកបដោយចីរភាពតាមរយៈការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនៃកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើគោលការណ៍គ្រឹះមានជាអាទិ៍៖

ទី១. អនុម័តវិធានការនានាដើម្បី ធានានិរន្តរភាពយូរអង្វែងនៃប្រភេទត្រីពាក់ព័ន្ធ និងរក្សាការប្រើប្រាស់ឱ្យបានប្រសើរបំផុត។

ទី២. ការពារជីវៈចម្រុះនៅក្នុងបរិស្ថានសមុទ្រ។

ទី៣. ចាត់វិធានការដើម្បីទប់ស្កាត់ ឬលុបបំបាត់ការនេសាទហួសកម្រិត និងសមត្ថភាពធ្វើនេសាទ  លើសលប់។

ទី៤. ប្រមូល និងចែករំលែកទាន់ពេលវេលានូវទិន្នន័យស្តីពីសកម្មភាពនេសាទ រួមទាំងទីតាំងរបស់នាវា ព្រមទាំងប្រភេទគោលដៅ និងមិនមែនជាប្រភេទគោលដៅ និងសមត្ថភាពនេសាទ

ទី៥. អនុវត្តនិងជំរុញវិធានការគ្រប់គ្រង និងអភិរក្ស តាមរយៈការតាមដាន ត្រួតពិនិត្យ និងការអង្កេតប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្តនៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយ មាន១៣ផ្នែក និង៥០មាត្រាហើយសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធីបន្ត៕