ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ​៖ ស្នើសុំឲ្យពង្រឹងគុណភាពបេក្ខជនកម្រិតថ្នាក់បណ្ឌិត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញអំពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា”បណ្ឌិត”ដែលមានច្រើនហួស សរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា អាចចាត់ថា ជាប្រទេសដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបនឹងចំនួនអត្រាប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី ២១ ខែ វិច្ឆិកា ២០១៩ នេះ ។

សម្តេចតេជោ  មានប្រសាសន៍ថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានមាប្រសាសន៍ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើកទឹកចិត្ត។

ដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សារាជបណ្ឌិត្យ សភា ត្រូវតែត្រួតពិនិត្យ ឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជន ដែលត្រូវបញ្ចប់ថ្នាក់បណ្ឌិតនៅរាជ បណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាពចំពោះក្រុមប្រឹក្សាការពារនិក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជននីមួយៗពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន៕