ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​សម្តេច​តេជោហ៊ុន សែន ថា​៖ ​​កម្ពុជា​មិនអាចយក​ EBA ​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​ជាតិបានឡើយ​

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​បាន​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​​តាំងពី​ខែមីនា​ ឆ្នាំ​២០១៩ មកម្ល៉េះ ​ព្រោះ​កម្ពុជា​មិនអាច​យក​​ភាព​អនុ​គ្រោះពន្ធគ្រប់ប្រភេទ​ ​ដើម្បី​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​កម្ពុជា​បានឡើយ​ ។  ស្រប​ពេលដែល​សហភាព​អឺរ៉ុបកំពុងដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់ការ ដក​ជា​បណ្តោះអាសន្ ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់លើកលែង​គ្រឿង​អាវុធ (EBA)» ពី​ប្រទេស​កម្ពុជា​ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា«បើគេដក EBA គេឲ្យយើងបង់ពន្ធយើងបង់ពន្ធឲ្យគេទៅព្រោះ EBA គង់តែបាត់ដដែលបើគេមិនអនុគ្រោះលើយើងហើយ ។ EBA នៅពេលណាមួយវាគង់នឹងបាត់ទេនៅ ពេលដែលសេដ្ឋកិច្ចយើងកើនឡើងក្នុងប្រទេសអាស៊ានទាំង១០គេ ឲ្យតែ៣ប្រទេសទេ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏គេគំរាមដែរអីចឹងសម្រាប់យើងបានត្រៀមខ្លួន តាំងពីខែមីនាមកម្លេះ»។

សម្តេចតេជោហ៊ុន សែន បាន​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ត្រៀមខ្លួន​ព្រោះនេះ​មិនមែនជា​លើកដំបូង​  ស​ម្រាប់​កម្ពុជា​ទេ​ ។ ប៉ុន្តែ​សម្តេច​ក៏បាន​រំលឹក​ដល់ ជនរួមជាតិថា​ កម្ពុជា​គឺ​មិនអាច​ឲ្យ​បរទេស​មក​គ្រប់​គ្រង់​ជីពចរ​របស់​ជាតិ​បានឡើយ ។

សូមបញ្ជាក់ថា តាំងពី​ឆ្នាំ​២០០១​មក កម្ពុជាបានទទួល​ការអនុគ្រោះ​ពន្ធ EBA លើ​ទំនិញ​នាំ​ចេញទៅ​សហភាព​អឺរ៉ុបដែល មាន​ទឹកប្រាក់​ប្រមាណ​ជាង ៦ ​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​មួយឆ្នាំហើយ​ទឹកប្រាក់​នាំចេញ​នេះ នាំ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកា​ជិត ៦០០ លាន​ដុល្លារ​អាមេរិកពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ដូច្នេះ​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​កម្ពុជានឹងត្រូវ​ខាង​បង់​ថវិកា​ជិត ៦០០​លាន​ដុល្លារសម្រាប់​ការបង់ពន្ធ​ ៕