ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមួយចំនួនរបស់ខ្លួន កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ឲ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei Technology Co Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ។
អាជ្ញាប័ណ្ណរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក អាចលក់ផលិតផលនានារបស់ខ្លួន មានបំណែកផ្សំសម្រាប់ផលិតទូរស័ព្ទដៃ កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកផ្សេងទៀត រួមទាំងប្រព័ន្ធបច្ចេកវិទ្យាផងដែរ ឲ្យទៅក្រុមហ៊ុន Huawei Technology Co Ltd របស់ប្រទេសចិន ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ ។
នេះគឺជាលើកទីពីរហើយសម្រាប់ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនលើក្រុមហ៊ុន Huawei ចិន ក្រោយពីប្រទេសមហាអំណាចមួយនេះ បានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនអស់រយៈពេលជាង៦ខែកន្លងទៅ ៕