ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានឹងនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើ អនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពី «ការនាំចេញអង្ករទៅ កាន់ទីផ្សារប្រទេសចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុប»។ រវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង ជាមួយក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប។ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីដែលបានចុះ ហត្ថលេខា MOU នៅពេលនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ក្រសួងក្នុងការជំរុញការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារចិន សហភាពអឺរ៉ុប និងជាពិសេសនោះគឺទីផ្សារអាហ្វ្រិកខាងត្បូងដែលជាទីផ្សារអង្ករថ្មីមួយទៀតរបស់កម្ពុជា។

យោងលើគោលនយោបាយរបស់ ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈអំណោយផលដល់វិនិយោគិនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម ។ ដោយឡែកវិស័យផលិតកម្មស្រូវដែលជាផលិត ផល មានអាទិភាពខ្ពស់  របស់កម្ពុជា សម្រាប់ធ្វើការនាំចេញ ចូលរួមកំណើនសេដ្ឋកិច្ច បង្កើតការងារ បង្កើន ចំណូលគ្រួសារ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ នេះគឺជាសុឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិ បាលក្នុងពេលបច្ចុប្បន្ន នឹងទៅពេលអនាគត។

លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់ក្តីសង្ឃឹមដល់ភាគីចុះហត្ថលេខានឹងផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យការអនុវត្ត MOU នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក ៕