លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice Cambodia បានមានប្រសាសន៍ប្រាប់«ដេលីខ្មែរ»កាលពីពេលថ្មីៗនេះថា ដើម្បីឲ្យការនាំចេញកម្ពុជាបាន១ លានតោន កម្ពុជាត្រូវការថវិកា២០០ លានដុល្លារក្នុង១ឆ្នាំ គាំទ្រដល់កសិករ រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញ ដើម្បីមានលទ្ធភាពទិញស្រូវកុំឲ្យតម្លៃធ្លាក់ចុះនិងកុំឲ្យស្រូវហៀចេញទៅប្រទេសជិតខាង។
អ្នកជំនួញខាងលើថ្លែងថា ថវិកានេះមិនទាន់ហួសពេលនោះទេ ក្នុងរយៈពេលនេះ ហើយវិស័យស្រូវអង្ករនឹងល្អប្រសើរវិញ ទោះបីជាចុងក្រោយនេះ ជួបបញ្ហាតម្លៃធ្លាក់ចុះខ្លះក៏ពិតមែន ប៉ុន្តែបើសិនមានការគាំទ្រនិងជំនួយជាថវិកាដល់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ដើម្បីមានលទ្ធភាពអាចទិញស្រូវស្តុកទុកនិងធានាដល់ទីផ្សារដល់វិស័យស្រូវអង្ករទាំងមូល។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកឧកញ៉ា សុង សារ៉នក៏បានដាក់សំណើររួចហើយផងដែរ ទៅ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច ដើម្បីសុំជួបពិភាក្សាគ្នាពីបញ្ហារឿងស្នើសុំថវិកាពីរាជរដ្ឋាភិបាល សម្រាប់រដូវកាលនៃការប្រមូលផលវគ្គ៣ ខាងមុខនេះ ដែលថវិកានេះត្រូវមានជាប្រចាំផងដែរ។
លោកឧកញ៉ាមានប្រសាសន៍ថា«កម្ពុជាយើងបានផលិតស្រូវសែនក្រអូនច្រើន ដែលជាអត្តសញ្ញាណរបស់កម្ពុជាធ្លាប់បានទទួលពានរង្វាន់លេខ១ ផងនោះ។ រឿងទីផ្សារក្រៅ ផលបះពាល់ដល់ទីផ្សារអង្ករកម្ពុជាទាក់ទងនិងសហគមន៍អឺរ៉ុបយកពន្ធនោះ វារងផលប៉ះពាល់ខ្លះដែរ ប៉ុន្តែកម្ពុជាយើងនៅតែព្យាយាមទប់ទល់និងទីផ្សារដែលថយចុះនោះ កន្លងទៅនាំចេញថយចុះពី២៦ ម៉ឺនតោន មកត្រឹមតែ ២០ម៉ឺនតោនតែប៉ុណ្ណោះខាងទីផ្សារអឺរ៉ុប ជាប្រភេទអង្ករល្អនិងមានគុណភាព»។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបន្ថែមថា ឆ្នាំនេះការប្រែប្រួលអាកាសធាតុបានធ្វើស្រូវកម្ពុជាយើងជួបឧបសគ្គក្នុងការប្រមូលផល ដែលឆ្នាំនេះ ការនាំចេញនឹងបានក្នុងរង្វង់ជាង៦០ម៉ឺនតោនតែប៉ុណ្ណោះ ដោយសារតែ២ ឆ្នាំចុងក្រោយកម្ពុជាចាប់ផ្តើមរៀបចំយុទ្ធសាស្រ្តនថ្មីលើប្រភេទការដាំដុះស្រូវតាមទីផ្សារនាំចេញ ហើយខាងសហព័ន្ធបានព្យាយាមកសាងសមត្ថភាពសមាជិក ក្រុមហ៊ុននាំចេញ ដើម្បីជំរុញការនាំចេញដែលមានគុណភាពខ្ពស់និងអាចប្រកួតប្រជែងនិងទីផ្សារខាងក្រៅបានផងដែរ។