ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវជាតិលេខ២ ​និងលេខ២២ ​​នឹង​ចាប់ផ្តើម​សាងសង់​​នៅ​ឆ្នាំ​​២០២០​ខាងមុខនេះក្នុង​តម្លៃទឹកប្រាក់ប្រមាណ៥៦លានដុល្លារអាមេរិក

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា  ​ផ្លូវជាតិ​លេខ​ ២១​ ពី​ក្រុង​​តាខ្មៅ​ ទៅស្រុក​កោះធំ​ ហើយ​ជាមួយ​នឹងការ​បើ​ករ​ដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ និង​ ផ្លូវជាតិ​លេខ​ ២២​ នៅ​ឆ្នាំ​២០២០​ខាងមុខ​។

លោក រដ្ឋមន្ត្រី  បានបញ្ជាក់បែបនេះ ក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ នា​ថ្ងៃទី​ ៥ ខែធ្នូ​ ២០​១៩​។

បើតាមលោក រដ្ឋមន្ត្រីស៊ុន ចាន់ថុល បញ្ចាក់ថា  នាពេលនេះ គ្រឿងចក្រ​បាន​មកដល់​ប្រទេស​កម្ពុជា​បណ្តើរ​ហើយ​ និង​ថវិកា​ក៏​មាន​គ្រប់គ្រាន់​ហើយដែរ ដោយ​ត្រៀម​ពេល​សមស្រប​ស្នើសុំ​សម្តេច​តេជោ​ ហ៊ុន​ សែន​ រក​ពេលវេលា​​​អញ្ជើញ​បើ​ករ​ដ្ឋាន​ជា​ផ្លូវការ​។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨.៥លាន​ដុល្លារ​អាមេរិក។

គម្រោង​នេះ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ធ្វើការបែងចែក​ជា៣​កំណាត់​ផ្លូវធំៗមាន​ដូចជា៖

-កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង ៨,៧​គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣គ.ម មាន​ទទឹង​ផ្លូវ ១៥ម និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០,៥ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ស.ម។

-កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣,៨១គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២គន្លង និង​ទទឹង ១៣ម ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ស.ម។

-កំណាត់​ទី៣៖ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ២២) ដែលមានប្រវែង​ ៩,៦គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ម ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​សម​៕