ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហ្វីលីពីនអាចជាអតិថិជនដំបូងដែលទិញមីស៊ីលល្បឿនលឿនជាងសម្លេងពីឥណ្ឌានិងរុស្ស៊ី

ប្រទេសហ្វីលីពីនអាចក្លាយជាអតិថិជនដំបូងគេក្នុងតំបន់ ដែលនឹងសម្រេចចិត្តទិញមីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos (BrahMos supersonic cruise missile) ដែល​​ត្រូវបានផលិតរួមគ្នាដោយប្រទេសឥណ្ឌា និងរុស្ស៊ី ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Hindustan Times ដែលបានចុះផ្សាយនៅថ្ងៃចន្ទ ទី០៩ ខែធ្នូនេះ ។

មីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos គឺជាមីស៊ីលរយៈចម្ងាយមធ្យម ដែលអាចហោះហើរបានក្នុងរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងមានល្បឿនលឿនជាងសម្លេង ដែលឥណ្ឌា​​​​បានសាកល្បងមីស៊ីលប្រភេទនេះដោយជោគជ័យដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30 ដែលបានទិញពីរុស្ស៊ី ។

សូមរំលឹកថា អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យការពាររបស់ប្រទេសឥណ្ឌា (Defence Research and Development Organization) ដែលហៅកាត់ថា DRDO និងសហគ្រាសរដ្ឋសហព័ន្ធរបស់ប្រទេសរុស្ស៊ី (Federal State Unitary)បានបង្កើតក្រុមហ៊ុនរូមគ្នាមួយឈ្មោះ BrahMos Aerospace កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៨ កន្លងទៅដោយបោះទុនរូមគ្នាជាទឹកប្រាក់ប្រមាណ២៥០លានដុល្លារអាមេរិកក្នុងការផលិតមីស៊ីលបាញ់តម្រង់គោលដៅប្រភេទ BrahMos។

ដោយឥណ្ឌាមានភាគហ៊ុន៥០.៥% ស្មើនឹងទឹកប្រាក់១២៦.២៥លានដុល្លារ និងរុស្ស៊ីមានភាគហ៊ុន៤៩.៥% ស្មើនឹងទឹកប្រាក់១២៣.៧៥លានដុល្លារអាមេរិក ៕