ធនាគាររបស់ប្រទេសអង់គ្លេស Bank of England បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៧ ខែធ្នូនេះ ស្តីពីស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារកណ្តាល (Central Bank’s Financial Stability Report) ដែលបង្ហាញថា ទីក្រុងហុងកុង បានខាតបង់ទឹកប្រាក់វិនិយោគ ប្រមាណជាង៥ពាន់លានដុល្លារអាមេរិក ដោយសារតែក្បួនបាតុ កម្មរបស់ប្រជាបាតុករ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
របាយការណ៍បានឲ្យដឹងថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទីក្រុងហុងកុង បានអូសបន្លាយអស់រយៈពេលជាង៦ខែហើយ ហើយក្នុងរយៈពេលនេះ លំហូរចូលទឹកប្រាក់សម្រាប់ទុនវិនិយោគជាង៥ពាន់លានដុល្លារអាមេរិក ស្មើនឹង១.២៥%នៃផលិត ផលសរុបក្នុងស្រុកត្រូវបានអាក់ខាន ដោយសារក្បួនបាតុកម្ម ។
របាយការណ៍របស់ធនាគាររបស់ប្រទេសអង់គ្លេស Bank of England ដដែលបានបន្តថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករហុងកុង មិនត្រឹមតែបំផ្លាញលំហូរចូលទឹកប្រាក់សម្រាប់ទុនវិនិយោគ ជាង៥ពាន់លានដុល្លារអាមេរិកទេ ក្បួនបាតុកម្មនៅហុងកុង ក៏បានទាញទម្លាក់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៩របស់ទីក្រុងមួយនេះ អោយធ្លាក់ចុះជិត៨% ដែលជាកំណើនទាបបំផុតមិនធ្លាប់មាន ៕