ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងពាណិជ្ជកម្ម ប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានបញ្ជាក់​ថា​ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។

លោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស ធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធទាំងអស់ រួមគ្នាតាមដានរបាយការណ៍សមិទ្ធផល ការងាររបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព នៅក្នុងឆ្នាំ២០២០។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕