ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​ គ្រោងចំណាយថវិកាជាង ​២ពាន់លានដុល្លារ​អាមេរិក

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងត្រូវចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងបែបនេះ ក្នុងពេលចុះពិនិត្យមើលស្ថានភាពកក ស្ទះចរាចរណ៍ផ្លូវជាតិលេខ១ ឋិតនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង រវាង​កម្ពុជា និងវៀតណាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោកស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ក្រសួងបានចុះហត្ថលេ​ខា​​លើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បី​ឱ្យសិក្សាលម្អិត និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋា ភិបាល និងក្រុមហ៊ុនឯកជន។

ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបែងចែកទ្រូងផ្លូវជាពីរ​ចំណែ​ក​​ខុសទិសគ្នា​ឬ​ចែក​ជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វ​តិច​បំផុត​​​ក្នុង​ករណី ​ចាំបា​ច់ និងបំពាក់​គ្រប់​គ្រាន់​​នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និង​ដើម្បី​​បន្ថយ​ពេលវេលា​ធ្វើដំណើរ និងមានកន្លែងកំណត់​សម្រាប់ឲ្យយាន​យន្តចេញ​និងចូលផ្លូវល្បឿន​លឿន​។

សូមបញ្ជាក់ថា ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ព្រោះ​ ផ្លូវល្បឿ​ន​លឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ ៕