តាមរយៈការចុះកិច្ចសន្យាផលិតកម្មកសិកម្មលើការផលិតពូជស្រូវផ្កាម្លិះក្រហមរវាងសហគមន៍កសិកម្មចំនួន៣ ក្នុងស្រុកសង្គមថ្មីជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ ហើយកសិករខេត្តព្រះវិហារផលិតស្រូវពូជផ្កាម្លិះក្រហមលក់ឱ្យក្រុមហ៊ុនតាមកិច្ចសន្យាផងដែរ។
ប្រជាកសិករដែលមានសមាជិកផលិតសរុបចំនួន៣០ នាក់ដោយមានការសម្របសម្រួលពីអង្គការឌីភីអេ(DPA)និងគាំទ្រដោយអង្គការអុកហ្វាម(OXFAM)និងមានកិច្ចសហការណ៍ជាមួយមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថាសហគមន៍កសិកម្មទាំង៣បានលក់ស្រូវពូជផ្កាម្លិះក្រហមជូនក្រុមហ៊ុនតាមកិច្ចសន្យា ដោយលក់សរុបបានចំនួន៤៥,៨៧៦ គីឡូក្រាមបើធៀបនឹងកុងត្រាសហគមន៍លក់បាន៧០ភាគរយហើយ។
លោកបានបន្ថែមទៀតថា«សមាជិកនិមួយៗបានរក្សាទុកពូជសុទ្ធល្អដើម្បីផលិតលក់ឱ្យក្រុមហ៊ុននៅឆ្នាំក្រោយ»។
សម្រាប់ លោក សុង សារ៉ន អគ្គនាយក AmruRice មានប្រសាសន៍ថា”តាមរយៈការធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករនៅខេត្តយើងជួយឲ្យកសិករផ្លាស់ប្តូរទៅការអនុវត្តស្រូវសរីរាង្គ ដែលមានវិញ្ញាបនប័ត្រប្រកបដោយគុណភាព ក្នុងខេត្ត ដើម្បីពង្រឹងកសិកម្មប្រកបដោយនិរន្តរភាព ធានាតម្លៃបន្ថែម ទៅដល់ផលិតផលដើម តាមរយៈឧបករណ៍ជាច្រើនសម្រាប់សម្ងួត កិន និងស្តុក និងធានាកសិករក្នុងការលក់ចេញ។”