ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសវៀតណាម បង្កើនការទិញទំនិញ ពីប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយណាស់។
សម្តេចតេជោបានលើកឡើងបែបនេះនៅក្នុងឱកាសសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្សារ ដោះដូរទំនិញកម្ពុជា និងវៀតណាម ជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ។
សម្តេចបានស្នើឲ្យលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី វៀតណាម និងលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ត្រូវពិនិត្យឃើញអំពីចំនួនដែលវៀតណាម នាំចូលមកកម្ពុជា និងទំនិញពីកម្ពុជានាំចូលទៅវៀត ណាម គឺមានចំណុចខុសគ្នា ។
«ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើននូវចំនួនដែលត្រូវទិញពីកម្ពុជា ក្នុងហ្នឹងវៀត ណាម បាននឹងកំពុងទិញអង្ករពីកម្ពុជា ចំនួន៣០ម៉ឺនតោន និងមានការទិញនូវផលិតផលមួយចំនួនផ្សេងទៀត ។ ខ្ញុំស្នើឱ្យវៀតណាម មើលទិញនូវទំនេញផ្សេងទៀត ពីកម្ពុជា ដែលកម្ពុជាមាន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ផលិតផលខ្មែរ ដែលមានរៀបចំការតាំងពិព័រណ៌ នៅទីក្រុងភ្នំពេញ ព្រមទាំងបន្ថែមការតាំងពិព័រណ៍ផលិតផលរបស់ខ្មែរយើងនៅថ្ងៃបុណ្យសមុទ្រ នៅខេត្តកំពតថ្មីៗនេះ សង្ឃឹមថា ទំនិញទាំងអស់នោះនឹងក្លាយទៅជាទំនិញដែលហូរចូលទៅកាន់ប្រទេសវៀតណាម ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា នៅថ្ងៃអនាគតផ្លែស្វាយ ផ្លែកចេក ធុរេន និងទំនេញផ្សេងៗរបស់កម្ពុជា នឹងអាចត្រូវបាននាំយកទៅផ្គត់ផ្គង់ នៅក្នុងទីផ្សារប្រទេសវៀតណាម ដែលសព្វថ្ងៃនេះ ប្រជាជនវៀតណាម កំពុងបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងយកទៅផ្គត់ផ្គង់ជូនភ្ញៀវទេសចរណ៍ រាប់ លាននាក់ផងដែរ ៕