ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រោងចក្រម្សៅដំឡូងមីក្រុមហ៊ុន ជា ទូច ត្រេឌីង អាចផលិតម្សៅមីបានចំនួន៣០០តោនក្នុងមួយថ្ងៃ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។

លោកស្រី ជា តូច នាយកអ្នកគ្រប់គ្រងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ ទុនវិនិយោគ សាង សង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហិកតា ដែលបានសម្ភោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោនក្នុងមួយថ្ងៃ ត្រូវការដំឡូងមីស្រស់ប្រមាណ ១ ២០០តោន ។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន ៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូល ទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀល​ក្នុង១គីឡូក្រាម ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន ។ បច្ចុប្បន្នទីផ្សារម្សៅមីធំគឺប្រទេសឥណ្ឌា តម្លៃ៤៨០ ដុល្លារ ក្នុង១តោន និងចិន ៤០០ដុល្លារ ក្នុង១តោន។

លោកស្រី ជា តូច បានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួនដល់ដំណើរការប្រមូលទិញ គឺទុន ដែលត្រូវការក្នុងមួយថ្ងៃជាង ៤២០លានរៀលក្នុងមួយថ្ងៃ និងជាពិសេសនៅរដូវប្រមូលផល ។ ដោយឡែកការនាំចេញមានការជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ និងចំណាយលើសេវាក្រៅផ្លូវការចំនួន ៤០ដុល្លារក្នុង ១តោន ។

តាមរយ:រដ្ឋមន្ត្រី លោកស្រីជា តូច បានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយកាត់បន្ថយចំណាយក្រៅផ្លូវការ និងស្នើសុំឲ្យធនាគារអភិវឌ្ឍន៍ជនបទឬមួយធនាគារSME ជួយផ្តល់ប្រាក់កម្ចីធ្វើជាទុនសម្រាប់ប្រមូលទិញដំឡូងមីដើម្បីរក្សាអាជីវកម្មឲ្យមាននិរន្តរភាព និងជួយពិនិត្យតម្លៃអគ្គិសនីសម្រាប់អាជីវកម្មកៃច្នៃកសិផល។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ដើម្បីបង្កើតរោងចក្រកែច្នៃដំឡូងមីដ៏ធំមួយនេះ ដែលជាប្រយោជន៍ស្រូបយកវត្ថុធាតុដើមក្នុងស្រុកធ្វើការកែច្នៃ បង្កើនតម្លៃបន្ថែម ជួយរកទីផ្សារដំឡូងមី និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យនាយកដ្ឋានកសិឧស្សាហកម្មចុះមកណែនាំប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា អគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាស្រាវជ្រាវអំពីពូជដំឡូងមីធន់ជំងឺ និងគ្មានជំងឺដែលអាចផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋដាំ ទទួលបានទិន្នផលខ្ពស់ សិក្សាស្រាជ្រាវដាំដំណាំឆ្លាស់ដើម្បីកែលម្អគុណភាពដីសម្រាប់ដំណាំដំឡូងមី ។

សូមបញ្ជាក់ថា  លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានអញ្ជើញបំពេញបេសក កម្មរយ:ពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ នេះទៅកាន់ខេត្តរតនគីរីក្នុងគោល បំណងរួមមាន៖
១- ដើម្បីចុះត្រួតពិនិត្យរោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន។
២- អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូង លឿងស្រស់របស់ក្រុមហ៊ុន ហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន។
៣- ពិនិត្យ និងតាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល ការអនុវត្តការងារបច្ចេកទេស ការងារដឹកនាំ ការគ្រប់គ្រង និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ៕