ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អតីតមន្រ្តីធ្វើការនៅធនាគារជាតិបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ

លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានបដិសេធការដោះស្រាយក្រៅឆាកពីមន្រ្តីរបស់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនា​គារជាតិនៃកម្ពុជា ដែលថ្មីៗនេះ មានមន្រ្តីម្នាក់បានយកថវិកាចំនួន ៤លានរៀលជាថ្នូនិងការបញ្ឈប់ការទាមទារប្រាក់ឧបត្ថម្ភគោលនយោបាយរបស់លោកកាលពី ១៥ឆ្នាំមុន។

លោក មិន សុខុន បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរឲ្យដឹងថា បន្ទាប់ពីលោកបានសរសេរលិខិតផ្លូវការមួយកាលពីខែគុម្ភៈឆ្នាំ២០១៩ ដោយស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយនោះ ថ្មីៗនេះមន្រ្តីម្នាក់មានតួនាទីជាប្រធាននាយកនៅធនាគារជាតិ បានចេញមុខ មកដោះស្រាយជំនួស ឯកឧត្តម ជា ចាន់តូ ទៅវិញ ដើម្បីបញ្ចប់រឿង ប៉ុន្តែលោកបានបដិសេធនៃការដោះស្រាយនោះ។

លោក មិន សុខុន មានប្រសាសន៍ថា«ការដោះស្រាយពីមន្រ្តី ឯកឧត្តម ជា ចាន់តូ ថ្មីៗនេះ ខ្ញុំមិនទទួលយកបាននោះទេ ហាក់ដូចមើលងាយខ្ញុំពេក មើលស្រាលខ្ញុំដូចមនុស្សស្លាប់ដែរ រួចបានបង្ខំខ្ញុំទទួលយកថវិកា ៤លានរៀល ហើយខ្ញុំមិនសុខចិត្តនោះទេ បើមិនមានការប្រជុំដោះស្រាយពីបញ្ហានេះឲ្យបានច្បាស់នោះ ហើយខ្ញុំផ្ទាល់គឺចង់ជួបផ្ទាល់ជាមួយ ឯកឧត្តម ទេសាភិបាលតែម្តង ដើម្បីបញ្ចប់រឿងបានស្រួល» ។

លោក មិន សុខុន (ឲ្យមារ្យ) បានចូលបម្រើការងារនៅមន្ទីរគណៈកម្មាធិការធនាគារជាតិទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ១៩៨២ រហូតដល់ឆ្នាំ ១៩៩៧ ដែលមានតួនាទីជាបេឡាធិការរងធនាគារក្រុង​​​ភ្នំ​ពេញ ឋានៈស្មើ អនុប្រធានការិយាល័យ ស្ថិតក្នុងតារាង(ក) ហើយរយៈពេល ១៥ ឆ្នាំនេះ លោកទាន់ដែលបានទទួលថវិកាពីធនាគារជាតិនៅឡើយទេ ។

អតីតមន្រ្តីធនាគារជាតិនៃកម្ពុជា លោក មិន សុខុន ធ្លាប់បាននិយាយនៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៩ ដោយលោកបញ្ជាក់ថា«ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពនិងជម្រាបជូន ឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ខ្ញុំបានបម្រើការងារក្នុងអង្គភាពធនាគារជាតិនៃកម្ពុជាអស់រយៈពេល ១៥ ឆ្នាំផុតទៅ ដែលមិនបានទទួលប្រាក់ឧបត្ថម្ភពីធនាគារជាតិបាននៅឡើយទេ»។

 

 

លោក មិន សុខុន បានអះអាងទៀតថា« រហូតមកដល់ពេលនេះ ខ្ញុំបាទបានធ្វើលិខិតជូនឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជាច្រើនមកហើយ ប៉ុន្តែឯកឧត្តមមិនបានឆ្លើយតបពីសំណើររបស់ខ្ញុំបាទនៅឡើយ ដូច្នោះក្នុងនាមខ្ញុំ ជាអតីតកម្មាភិបាលមួយរូបនៅសម័យរដ្ឋកម្ពុជា ខ្ញុំតែងតែយកចិត្តទុកដាក់ និងជឿជាក់លើថ្នាក់ដឹកនាំបក្ស​ប្រជាជនកម្ពុជាទាំងស្រុង បន្ទាប់មកខ្ញុំត្រូវបានធនាគារជាតិនៃកម្ពុជាតែងតាំងមុខតំណែងនិងតួនាទីក្នុងក្របខណ្ឌការងារដ្ឋជាបន្តបន្ទាប់»។

លោកបានបន្ថែមថា ដើម្បីមានភាពជឿជាក់និងច្បាស់លាស់ក្នុងការបម្រើការងារនោះ សូមឯកឧត្កម មេត្តាអនុញ្ញាតិជួបដោយផ្ទាល់នៅពេលវេលាណាមួយ តាមការកំណត់របស់ ឯកឧត្តមអគ្គទេសាភិបាននៃធនាគារជាតិកម្ពុជា ។ ហេតុដូច្នោះសូម ឯកឧត្តម មេត្តាពិនិត្យ និងសម្រួលប្រាក់បៀវត្តចំនួន ២១ឆ្នាំឲ្យខ្ញុំបាទតាមការគួរ។

តាមរយៈ ការស្នើសុំរបស់អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាខាងលើនេះ«សារព័ត៌មាន ដេលីខ្មែរ »មិនអាចសុំការពន្យល់ពី លោក ជា ចាន់តូ អគ្គទេសា​ភិបាល​​នៃធនាគារជាតិកម្ពុជាបាននៅឡើយទេ។

ក៏ប៉ុន្តែ កាលពីថ្ងៃទី ២៧ខែធ្នូនេះ ដេលីខ្មែរ បានសម្ភាសតាម ទូរស័ព្ទទៅ លោកស្រី ជា សេរី ជាកូនស្រី លោក ជា ចាន់តូ មានតួនាទីជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិ ដោយ​​អ្នកទទួលឆ្លើយតបវិញថា« នឹងលើកសំណើរនេះជូនទៅថ្នាក់ដឹកនាំបានជ្រាបពីរឿងនេះ»។

ក្នុងលិខិតផ្លូវការរបស់ លោក មិន សុខុន (ឲ្យមារ្យ)នេះ គឺត្រឹមស្នើសុំទៅ លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ដើម្បីដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោ​បាយ ដែលលោកធ្លាប់បានបម្រើការងារត្រឹម ១៥ ឆ្នាំតែប៉ុណ្ណោះ។