លោក នង វាសនា ប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ខេត្តកំពង់ធំបានចូលរួមក្នុងពិធីទិវាជ័យជម្នះ៧មករា ថ្ងៃ៧មករា ឆ្នាំ២០២០នេះថា«៧មករាជាថ្ងៃគម្រប់ខួបទី៤១នៃទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បនប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ»។
លោកប្រធានក្រុមការងារចាត់ទុកថា ប្រជាជនកម្ពុជាបានរួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតបានទាន់ពេលវេលានិងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជាហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។
លោកបានបន្ថែមថា ប្រទេសកម្ពុជាប្រារព្ធមិទ្ទីងអបអរសាទរខួបលើកទី៤១ទិវាជ័យជម្នះ៧មករា និងបានលើកយកពីតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ៧មករាដែលជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាមកបញ្ជាក់ប្រាប់ដល់ប្អូនៗជាយុវជន។