លោក លីវហឺ ថ្នាក់ដឹកនាំចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងលោកប្រធានាធិបតី អាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ នៅថ្ងៃទី ១៥ ខែមករា នាទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់រយៈពេល ២៣ ខែ និងឆ្លងកាត់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន១៣វគ្គរួចមកហើយ។
នៅចុងក្រោយបំផុតនេះ ភាគីទាំងពីរ ចិននិងអាមេរិក បានសម្រេច”បញ្ចប់ជម្លោះ”ដោយបានបោះជំហានដ៏រឹងមាំមួយ សម្រាប់ឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។
កិច្ចព្រមព្រៀងនេះ គឺសមស្របនឹងផលប្រយោជន៍ទាំងសងខាងរវាងចិននិងអាមេរិក ព្រមទាំងពិភពលោក ហើយនឹងជំរុញសន្តិភាពនិងវិបុលភាពពិភពលោក។
កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ មាន៩ មាត្រា ផ្តោតលើ កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ផលិតផលម្ហូបអាហារនិងផលិតផលកសិកម្ម សេវាកម្ម ហិរញ្ញវត្ថុ អត្រាប្តូរប្រាក់និងតម្លាភាព ពង្រីកទំហំពាណិជ្ជកម្ម វាយតម្លៃដោយទ្វេភាគីនិងមធ្យោបាយដោះស្រាយជម្លោះជាដើម។
សំណើស្នូលដ៍សំខាន់ចំនួន ៣ ដែលភាគីចិនតែងតែប្រកាន់ខ្ជាប់មានដូចជា ការលុបចោលទាំងស្រុងនូវពន្ធគយដែលបានបន្ថែមថ្មី, តួលេខទំនិញក្នុងការធ្វើពាណិជ្ជកម្ម គួរតែសមស្របនឹងតម្រូវការជាក់ស្តែង និងកែលម្អលក្ខណៈតុល្យភាពនៃលិខិត ព្រមទាំងគោលការណ៍ចំនួនពីរ ដូចជាគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO និង គោលការណ៍ទីផ្សារ ក៍ត្រូវបានដាក់បញ្ជូលទៅក្នុងកិច្ចព្រមព្រៀងនេះ ។
សំណើដ៍សំខាន់របស់ភាគីអាមេរិក ក៏ត្រូវបានឆ្លើយតបជាវិជ្ជមានផងដែរ។កិច្ចព្រមព្រៀងនេះប្រកបដោយលក្ខណៈពិសេសពីរ ពោលគឺតុល្យភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។
ដើម្បីធានាបាននូវការអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព មាត្រាពាក់ព័ន្ធនឹងការវាយតម្លៃ និងដោះស្រាយជម្លោះរវាងភាគីទាំងពីរ ត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយដាក់លក្ខខណ្ឌ ប្រដូចនឹង “ក្បួនល្បែង” មួយ ពោលគឺបើសិនភាគីណាមួយ បានល្មើសនឹងកិច្ចព្រមព្រៀង នោះនឹងត្រូវពិន័យ ។
សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដំណាក់កាលទី១នេះ បានបង្ហាញថា ភាគីចិននិងអាមេរិកអាចដោះស្រាយការខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ដោយស្មើភាព ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ រវាងចិននិងអាមេរិកនេះ នឹងជួយស្តារទំនុកចិត្តនៅក្នុងការដោះស្រាយបញ្ហារវាងចិននិងអាមេរិកនៅទីចុងបំផុត។
បើសិនចិននិងអាមេរិកសហការគ្នា គឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ផ្ទុយទៅវិញ បើសិនប្រឆាំងគ្នា នោះគឺបង់ខាតទាំងសងខាង ។នេះជាចំណេះដឹងទូទៅមួយ ដែលត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតក្នុងប្រវត្តិសាស្ត្រនិងការពិតជាក់ស្តែង និងជាបទពិសោធន៍មួយ ដែលភាគីទាំងពីរត្រូវតែចងចាំជានិច្ច ក្នុងការដោះស្រាយទំនាស់និងការខ្វែងគំនិតគ្នា ៕