ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្ម ៖មន្ត្រីក្រោមឱវាទត្រូវបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ

 

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ប្តេជ្ញាជំរុញវិស័យកសិកម្មឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ ជាពិសេស ឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ ។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការណ៍ គាំទ្រ និងជួយឧបត្ថម្ភពីក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បណ្តាប្រទេសជាមិត្ត ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និង សហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រ ទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបិទកិច្ច ប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ។ កាល ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ ការងារអនុវត្ត និងផ្សព្វផ្សាយច្បាប់ បច្ចេកទេស ការងារស្រាវជ្រាវ អភិរក្ស សហគមន៍ ផលនេសាទទឹកសាប សមុទ្រ និងវារីវប្បកម្ម បញ្ហាប្រឈម បទល្មើស និងសំណូមពរ។ល។ យោងលើសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមថានេះគឺបានមកពីការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ ។

លោករដ្ឋមន្ត្រីបានរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបង្កើនសមត្ថភាពបង្កើតយន្តការបង្ការ ទប់ស្កាត់ ការបង្រ្កាបបទល្មើស និងការទន្ទ្រានកាន់កាប់ព្រៃលិចទឹកជាកម្មសិទ្ធិ ខិតខំពង្រឹង ពង្រីកសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ សហ គមន៍នេសាទ យកចិត្តទុកដាក់គ្រប់គ្រង ការពារតំបន់អភិរក្សឱ្យបានគង់វង្ស ៕