ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំសិក្ខាសាលាលើកទី៣ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ស្តីពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដើម្បីផ្តល់ឱកាសឲ្យវិនិយោគិនរូបវន្តបុគ្គល និងសាធារណជន អាចទិញភាគហ៊ុន ទៅតាមលទ្ធភាពរបស់ខ្លួន។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) បង្កើតបាននូវសករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់សាធារណជន ក្នុងការចូលរួមវិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ជូនប្រជាពលរដ្ឋ» ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណជនក្នុងការទិញភាគហ៊ុន ទៅតាមលទ្ធភាពរបស់ខ្លួន ។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ី បន្ទាប់ពីធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យធនាគារនេះ បន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទីមួយ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ៕