ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយថា វិបត្តិនយោបាយនៅប្រទេសម៉ាឡេស៊ី ដែលបានអូសបន្លាយអស់រយៈពេលជាងមួយសប្តាហ៍កន្លងមកនេះបានបញ្ចប់ហើយ ក្រោយពីលោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីស្រប់ច្បាប់របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ទី០១ ខែមីនានេះ ក្រោយពីព្រះមហាក្សត្របានតែងតាំង ។
សូមបញ្ជាក់ជូនថា លោក មូហ៊ីឌីន យ៉ាស៊ីន គឺជាប្រធានគណបក្ស ព្រីប៊ូមី បឺសាទូ (Pribumi Bersatu Party) ក្រោយពីលោកអតីតនាយករដ្ឋមន្ត្រី ម៉ាហាធា ម៉ូហាម៉ាត់ បានដាក់ពាក្យលាលែងចេញពីតំណែង ដោយមិនព្រមប្រគល់តំណែងនាយករដ្ឋមន្ត្រីអោយទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅតាមកិច្ចសន្យាមុនពេលបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។
រហូតមកដល់ថ្ងៃចន្ទ ទី០២ ខែមីនានេះ លោក ម៉ាហាធា ម៉ូហាម៉ាត់ នៅតែមិនយល់ស្របជាមួយព្រះមហាក្សត្រក្នុងការតែងតាំងលោក មូហ៊ីឌីន យ៉ាស៊ីន ជានាយករដ្ឋមន្ត្រី ប៉ុន្តែលោក ម៉ាហាធា ទំនងជាមិនអាចប្រឆាំងជំទាស់ទៅនឹងការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្របានទេ ៕