(ភ្នំពេញ)៖ចំណាយពេលជាច្រើនថ្ងៃ ដើម្បីសាកសួររហូតដល់រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរសជនជាតិចិន ជាអ្នកគិតលុយនៅមន្ទីរពេទ្យ វិុចតូរៀ ជាផ្លូវការហើយ រួចបញ្ជូន សំណុំរឿងទៅឲ្យចៅក្រមស៊ើបសួួរចាត់ការបន្ត ដើម្បីរៀបចំបែបបទឃុំខ្លួនជាបណ្តោះអាសន្នដាក់ពន្ធនាគារ។
លោកព្រះរាជអាជ្ញារង វង្ស ប៊ុនវិសុទ្ធ បានប្រាប់ថា លោកបានចោទប្រកាន់លើជនសង្ស័យ ពីបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ និងកំហែងយក។
លោកបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី តែមកដល់ពេលនេះ មិនសម្រេចបែបណានៅឡើយទេ។
បុរសជនជាតិរូបនេះ ឈ្មោះ Azhi អាយុ៤៣ អ្នកគិតលុយនៅមន្ទីរពេទ្យ វិចតូរៀ ត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានបញ្ជូនខ្លួនមកឲ្យអយ្យការអមសាលាដំបូងរាជធានី កាលពីរសៀលម្សិលមិញ ដើម្បីសាកសួរបន្ថែម និងចោទប្រកាន់តាមច្បាប់កំណត់។
បុរសជនជាតិចិននេះ ត្រូវបានចាប់ខ្លួន ក្រោយពីមន្ត្រីនគរបាលទួលគោក និងលោក វង្ស ប៊ុនវិសុទ្ធ ចំណាយពេលសាកសួរពេញមួយថ្ងៃ រហូតដល់ម៉ោងជិត១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ទើបសម្រេចនាំខ្លួនទៅកាន់អធិការខណ្ឌទួលគោក ចំណែកលោកស្រី សៀង សុគន្ធ ជាអ្នកឈរឈ្មោះជាប្រធានមន្ទីរពេទ្យ វ៉ិចតូរៀ ដើម្បីយកលុយប្រចាំខែ បែរជារួចខ្លួន ដោយគ្មានទោសពៃរ៍អ្វីឡើយ។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ជាគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យ វ៉ិចតូរៀ ចំនួន២៣នាក់ ដែលមានជនជាតិចិន៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ ពាក់ព័ន្ធដំណើររឿងចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនរងគ្រោះឈ្មោះ ភឿន មុយហៀង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា មន្ទីរពេទ្យ វ៉ិចតូរៀ មានទីតាំងនៅផ្ទះលេខ៦១អា ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវគ្រួសារអ្នកជំងឺធ្វើសន្និសីទ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ម្សិលមិញ បន្ទាប់ពីគណៈគ្រប់គ្រងមន្ទីរពេទ្យនេះ បង្ខាំងអ្នកជំងឺ ទារប្រាក់សេវា ២.០០០ដុល្លារ ដែលគ្រួសារអ្នកជំងឺយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន។
តាមការបញ្ជាក់ពីមន្ត្រីជំនាញប្រចាំខណ្ឌទួលគោក បានឲ្យ ដឹងថា មន្ទីរពេទ្យនេះធ្លាប់មានរឿងអាស្រូវ ច្រើនលើកមកហើយ រហូតក្រសួងសុខាភិបាលសម្រេចឲ្យបិទទ្វារ ម្តងរួចមកហើយ ប៉ុន្តែមន្ទីរពេទ្យនេះនៅតែដំណើរការដដែល និងបង្ករឿងដដែលៗ ធ្វើឲ្យមន្ត្រីដដែលៗ ចុះមកពិនិត្យស្រាវជ្រាវដដែលៗ។
រឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមករានេះ បន្ទាប់ពីគ្រួសារអ្នកជំងឺ បានហៅអ្នកសារព័ត៌មានធ្វើសន្និសីទទាំងយប់ ដោយអះអាងថា មន្ទីរពេទ្យ វ៉ិចតូរៀ បានបង្ខាំងសាច់ញាតិ ទារប្រាក់ ថ្លៃសេវាកម្មព្យាបាល ក្នុងទឹកប្រាក់ ២.០០០ដុល្លារ។
សាច់ញាតិអ្នកជំងឺ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា អ្នកជំងឺ ជាស្ត្រីមានបញ្ហាគីសក្នុងដៃស្បូន ទៅពិនិត្យនៅមន្ទីរពេទ្យឯកជនមួយនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ដែលក្រោយពីពិនិត្យរួច គ្រូពេទ្យ បានប្រាប់ថា ត្រូវតែវះកាត់ជាបន្ទាន់ បើមិនដូច្នេះទេ អ្នកជំងឺអាចនឹងស្លាប់។
នៅពេលវះកាត់រួចរាល់ អ្នកជំងឺបានសម្រាក នៅក្នុងមន្ទីរពេទ្យ១យប់ ក៏សុំចេញទៅផ្ទះ ដោយបង់ប្រាក់ ៦០០ដុល្លារ ប៉ុន្តែភាគីមន្ទីរពេទ្យមិនព្រម ដោយបានចេញវិក្កយបត្រ តម្លៃព្យាបាលអស់២.០០០ដុល្លារ។
ក្រោយពីនិយាយគ្នារឿងតម្លៃមិនត្រូវ ខាងមន្ទីរពេទ្យមិនអនុញ្ញាតឱ្យភាគីអ្នកជំងឺទៅផ្ទះ ទើបក្រុមគ្រួសារអ្នកជំងឺ ហៅអ្នកកាសែតមកធ្វើសន្និសីទនៅមុខមន្ទីរទេព្យតែម្តង រហូតមានអន្តរាគមន៍ពីអាជ្ញាធរ ទើបភាគីមន្ទីរពេទ្យ សុខចិត្តយកថ្លៃសេវាព្យាបាលត្រឹម៦០០ដុល្លារ ហើយឲ្យអ្នកជំងឺចេញទៅផ្ទះ៕