(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន បានប្រសូតិនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥២ ក្នុងគ្រួសារកសិករមួយ នៅភូមិទ្រាសរ ឃុំខ្នារសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឪពុកមាននាម ហែម បូ និងអ្នកម្តាយមាននាម អ៊ុំ សៀក។ ឯកឧត្តម មានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ហើយឯកឧត្តម គឺជាកូនច្បងក្នុងគ្រួសារ ដែលត្រូវទទួលភារកិច្ចដ៏ធំក្នុងគ្រួសារ ដើម្បីជួយដល់ការរែកពន់ និងការមើលថែប្អូនប្រុសស្រីទាំង៥នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលមរណៈភាព កាលពីវេលាម៉ោង១១:៣៥នាទីព្រឹក ថ្ងៃអង្គារ ១០ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
យោងតាមការស្រាវជ្រាវ និងចងក្រងរបស់មន្ត្រីក្រសួងការពារជាតិ អំពីប្រវត្តិរូបសង្ខេបរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានឲ្យដឹងថា៖
ជំនាន់សង្គមរាស្រ្តនិយម ក្នុងវ័យកុមារភាព កុមារា កុយ ប៊ុនថា រស់នៅក្នុងបន្ទុកឪពុកម្តាយ និងរៀននៅសាលាបឋមសិក្សាទ្រាសរ ឃុំខ្នារសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កុមារា កុយ ប៊ុនថា គឺជាសិស្សល្អ ឧស្សាហ៍ព្យាយាមរៀនសូត្រពូកែ និងប្រកបដោយប្រាជ្ញាឈ្លាសវៃ។ លុះដល់អាយុ១៦ឆ្នាំ យុវជន កុយ ប៊ុនថា បានបន្តការសិក្សានៅវិទ្យាល័យស្រីសន្ធរ ស្ថិតនៅឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងជំនាន់សាធារណៈរដ្ឋខែ្មរ យុវជន កុយ ប៊ុនថា មិនមានឱកាសបញ្ចប់ការសិក្សាឡើយ ព្រោះប្រទេសជាតិគ្មានស្ថេរភាព និងគ្មានសុខសន្តិភាព។ ស្ថិតក្នុងសម័យសង្គ្រាម ក្រោមការដឹកនាំប្រទេស ដែលកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះបាទ ព្រះនរោត្តម សីហនុ របស់លោកឧត្តមសេនីយ៍សេនាប្រមុខ លន់ ណុល បានធ្វើឥ្យប្រទេសជាតិធ្លាក់ចូលក្នុងសភាពវឹកវរ ចលាចល ប្រជាជនរងគ្រោះថ្នាក់ ដោយសារការទម្លាក់គ្រាប់បែក B52 ពីសំណាក់សហរដ្ឋអាមេរិកមកលើទឹកដីកម្ពុជា ដែលជាទឹកដីអង្គរដ៏បវរនៃយើង ដោយបង្កើតបានភ្លើងសង្គ្រាមឆេះសន្ធោរសន្ធៅ ហេដ្ឋារចនាសម្ព័ន្ធសឹងតែខូចខាតទាំងស្រុង រីឯឈាមខ្មែរហូរស្រោចពាសពេញធរណីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។
ចុងឆ្នាំ១៩៧០ យុវជន កុយ ប៊ុនថា រួមជាមួយយុវជនទាំងឡាយ ដែលជាសិស្សានុសិស្សនៅវិទ្យាល័យស្រីសន្ធរ បាននាំគ្នាមកទីក្រុងភ្នំពេញ ដើម្បីចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់ លន់ ណុល។ ប៉ុន្តែ ពេលមកដល់ ក៏ត្រូវកងទ័ព លន់ ណុល បាញ់ប្រហារស្រោចមកលើក្បួនរថយន្តបាតុករ បណ្តាលឲ្យប្រជាជនបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់។ ពេលនោះ ដោយគុណទឹកដោះម្តាយថ្លៃ យុវជន កុយ ប៊ុនថា បានរួចផុតពីសេចក្តីស្លាប់។ ក្រោយមក ក្នុងឆ្នាំ១៩៧៣ ដោយសារតែប្រទេសកាន់តែធ្លាក់ក្នុងភ្លើងសង្គ្រាម ស្ថានភាពសង្គមវឹកវរគ្មានស្ថេរភាព គ្រប់ទីកន្លែងមានការចាប់បង្ខំយុវជនធ្វើជាទាហាន ភាពឈឺចាប់ពីការកៀបសង្កត់ ជិះជាន់ពីរដ្ឋការ លន់ ណុល និងដោយមានការអំពាវនាវរបស់សម្តេច ព្រះបាទ ព្រះនរោត្តម សីហនុ យុវជន កុយ ប៊ុនថា រួមជាមួយយុវជនជាច្រើនទៀត បានសម្រេចចិត្តចូលរួមជាមួយកងទ័ពរំដោះ ហើយបានទៅហ្វឹកហ្វឺននៅយោធភូមិភាគ៧ ក្នុងប្រទេសវៀតណាម។
ចាប់តាំងពីពេលចូលបម្រើកងទ័ព សមមិត្ត កុយ ប៊ុនថា តែងតែយកអស់ស្មារតីទទួលខុសត្រូវប្រកបដោយឆន្ទៈមុះមុត មនសិកាស្នេហាជាតិ ខិតខំប្រឹងប្រែងហ្វឹកហាត់ តស៊ូពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង គោរពយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជា និងផែនការរបស់ថ្នាក់លើដាក់ចុះជាប្រចាំដើម្បីសម្រេចឲ្យបាននូវរាល់ភារកិច្ចចំពោះមុខ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស មានសង្ឃឹមថា ជាថ្ងៃនាំមកនូវសេចក្តីសុខក្សេមក្សាន្តតរៀងទៅ។ ប៉ុន្តែផ្ទុយទៅវិញ គួរឲ្យអនិច្ចាជាពន់ពេកណាស់ កងទ័ពខ្មែរក្រហម ក្នុងសម្លៀកបំពាក់ឈុតខ្មៅរបស់ពួកបន ប៉ុល ពត បានបណ្តេញប្រជាជន ដែលរស់នៅទីក្រុង និងទីរួមខេត្តនានា ទូទាំងប្រទេស ឲ្យទៅរស់នៅស្រុកកំណើតតាមជនបទ ដើម្បីធ្វើស្រែចម្ការ បង្កបង្កើនផល ហើយពេលនោះបានធ្វើឲ្យទឹកដីអង្គរដ៏បវរនៃយើង ក្លាយជាវាលពិឃាតដ៏សែនឈឺចាប់។
ជាមួយស្ថានភាពរស់នៅក្នុងនាមជាទាសករ ក្នុងរបប ប៉ុល ពត កាប់សម្លាប់ វាយនឹងត្បូងចប ឬដំបងឫស្សីយ៉ាងព្រៃផ្សៃនោះ ក្រុមគ្រួសារ សមមិត្ត កុយ ប៊ុនថា បានរងទុក្ខវេទនារកទីបំផុតគ្មាន រស់នៅតាមអង្គការចាត់តាំងជាកង ជាក្រុមផ្សេងៗគ្នា ព្រាត់ប្រាស់ក្រុមគ្រួសារ ក្រោមការតាមដានរបស់កងឈ្លបខ្មែរក្រហមគ្រប់ពេលវេលា ធ្វើការមិនដឹងថ្ងៃយប់ ហូបមិនគ្រប់គ្រាន់ ឈឺគ្មានថ្នាំព្យាបាល រូបរាងកាយស្គមស្គាំងសល់តែស្បែកដណ្តប់ឆ្អឹង ចំណែកឯប្អូនប្រុសរបស់សមមិត្ត កុយ ប៊ុនថា ម្នាក់បានស្លាប់ក្នុងសម័យនោះផងដែរ។ រីឯសមមិត្ត កុយ ប៊ុនថា នៅតែមិនអាចជួបជុំក្រុមគ្រួសារបងប្អូនបានឡើយ។
ក្រោយមកសមមិត្ត កុយ ប៊ុនថា បានចូលរួមជាមួយកងទ័ពរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចអគ្គមហាពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីចូលរួមវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់។ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ប្រមាណពីរម៉ឺននាក់ ដោយមានការសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយសម្រុកចូលគ្រប់ទិសទី រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា។
រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាទូទាំងប្រទេស បានរស់រានមានជីវិតឡើងវិញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាទាំងបី ដោយដឹកនាំវាយរំលំរបបព្រៃផ្សៃប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនៅឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនជារៀងរហូតមកដល់ពេលនេះ។
ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ សមមិត្ត កុយ ប៊ុនថា ត្រូវបានតែងតាំងជាមេបញ្ជាការកងវរសេនាតូចលេខ១៨ ឈរជើងនៅខេត្តបាត់ដំបង ដើម្បីការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកជាថ្មីម្តងទៀត។
បន្ទាប់មក ឯកឧត្តម កុយ ប៊ុនថា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ យឹម គឹមអូន ជាភរិយារហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយបន្សល់ទុកនូវចំណងដៃអាពាហ៍ពិពាហ៍ គឺបុត្រាបុត្រីចំនួន២នាក់ ប្រុស១នាក់ និងស្រី១នាក់។
ឯកឧត្តម កុយ ប៊ុនថា គឺជានាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានមនសិកាស្មោះត្រង់ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍សច្ចធម៌ និងមានក្តីអំណត់ ព្រមទាំងមានការលៈបង់ខ្ពស់ ក្នុងការងារបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាដោយស្មោះសរ។ ឆ្លងតាមការងារជាក់ស្តែង និងធ្លាប់ចូលរួមប្រយុទ្ធក្នុងសមរភូមិជាច្រើនលើក នៅភូមិភាគខាងលិចប្រទេសកម្ពុជា ដូចជាសមរភូមិកូបនិម្មិត អម្ពិលប្រាំដើម តាសាញ់ សំឡូត ជំរុំសុខសាន្ត បាត់ដំបង ពោធិសាត់ ប៉ៃលិន តាមបណ្តោយខ្សែព្រំដែន និងសមរភូមិជាច្រើនទៀត។
ក្រោយមកឯកឧត្តម កុយ ប៊ុនថា ត្រូវបានក្រសួងការពារប្រទេស និងប្រធានក្រុមប្រឹក្សារដ្ឋ តែងតាំងដំឡើងឋានន្តរសក្តិ ផ្លាស់ប្តូរមុខតំណែង ជាបន្តបន្ទាប់មានដូចខាងក្រោម៖
-ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ មេបញ្ជាការកងវរសេនាតូចលេខ១៨
-ឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ប្រធានយោធាខេត្តបាត់ដំបង
-ឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៣ ប្រធានកងពលធំលេខ១៩៦ និងជាអនុលេខាបក្សខេត្តបាត់ដំបង
-ឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ លេខាបក្សខេត្តបាត់ដំបង
-ឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៦ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តកម្ពុជា
-ឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧ ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនបដិវត្តកម្ពុជា
-ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៨៨ រដ្ឋមន្រ្តីក្រសួងការពារប្រទេស
-ឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩០ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
-ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩២ ប្រធានប្រចាំការរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
-ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៥ ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
-បច្ចុប្បន្ន ត្រូវបានដំឡើងឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជាកិច្ចបច្ឆាមរណៈ។
តាមរយៈការងារសម្រេចបានស្នាដៃដ៏ឆ្នើមអស់រយៈពេលជាង៤០ឆ្នាំ ឯកឧត្តមធ្លាប់ទទួលបានលិខិតសរសើរ បណ្ណសរសើរ ព្រមទាំងទទួលបាននូវគ្រឿងឥស្សរិយយស មេដាយជាតិ និងអន្តរជាតិចំនួន២៩គ្រឿង។
ឆាកជីវិតតស៊ូលំបាកក្នុងសម័យសង្គ្រាម និងការលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែករំដោះ និងកសាងប្រទេសជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា បានបន្សល់ទុកនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ជានាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូបប្រកបដោយភក្តីភាព ព្រមទាំងអំពើជាកុសល ជាកិត្តិយស សេចក្តីថ្លៃថ្នូរ អំណត់ព្យាយាម ភាពម៉ឺងម៉ាត់ក្នុងការងារ មនសិកាស្នេហាជាតិ ស្នាដៃដ៏ល្អនិងគុណបំណាច់ដ៏ធំធេងក្នុងភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា។
យោងតាមការបញ្ជាក់របស់ក្រុមគ្រួសារ និងសាច់ញាតិ បានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ កុយ ប៊ុនថា មានជំងឺខូចក្រលៀន ដោយត្រូវការលាងឈាមអស់រយៈពេល២៣ឆ្នាំ និង៤ខែ ដែលជាពេលវេលាមួយដ៏វែងក្នុងការព្យាបាល និងការព្យាយាមរស់នៅលើទឹកដីអង្គរដ៏បវរ ក្រោមម្លប់សន្តិភាពពេញបរិបូរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលមរណភាពដោយរោគាពាធ កាលវេលាម៉ោង១១ និង៣៥នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ នាមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ។
សពត្រូវបានតម្កល់ និងរៀបចំធ្វើបុណ្យបូជាសព តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តចំប៉ា ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយចូលរួមរំលែក និងជ្រោមជ្រែងកម្មវិធី ពីឥស្សរជន និងស្ថាប័នជាតិ។
សពឯកឧត្តម នាយឧត្តមសេនីយ កុយ ប៊ុនថា នឹងបូជានៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ៕ (ប្រភពក្រសួងការពារជាតិ)