ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន   ចាប់ពីថ្ងៃទី២០-២៣ មករាខាងមុខនេះ

(​ភ្នំពេញ​)៖ យោង តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​កម្ពុជា​ បាន​បញ្ជាក់​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​  ​ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ២៣​ ខែមករា​ ឆ្នាំ​២០១៩​។​

​ការ​អញ្ជើញ​ទៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នេះ​ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ លី​ ខឺ​ឈាង​ (Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។​

​អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​រួម​មាន​ ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ​ ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​កម្ពុជា​សុក្រ​ ១៣​កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ត្រូវ​នឹង​ថ្ងៃ​ទី​ ១៨ ​ ខែមករា​ ឆ្នាំ​២០១៩​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្នុងអំឡុងពេល​ទស្សនកិច្ច​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​ជួប​សំដែង​ការ​គួរសម​ជាមួយ​ ឯកឧត្តម​ ស៊ី​ ជី​ន​ភីង​ (Xi​ Jinping)​ ប្រធានាធិបតី​ចិន​ ឯកឧត្តម​  ​លី​ចាន់​ស៊ូ​(LiZhanshu)​ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ ឯកឧត្តម​ វ៉ាង​ យ៉ាង​ (Wang​ Yang)​ ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ចិន​ និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ លី​ ខឺ​ឈាង​ (Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​ចិន​។​ ការ​ជួប​ពិភាក្សា​នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន​ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំង​ពីរ​។​ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ រំពឹង​ថា​នឹង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​ និង​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ផង​ដែរ​។​

​ក្រៅពី​ជំនួប​ខាងលើ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ដោយ​ ឯកឧត្តម​រដ្ឋមន្ត្រី​ សុង​ តា​វ​ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់​  ​ គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន​ និង​លោក​ជំទាវ​ គូ​ សៀវ​លៀន​ ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​ចំនួន​៤​រូប​ទៀត​ពី​ ធនាគារ​ចិន​ សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​វិស្វកម្ម​ និង​ដែកថែប​ចិន​ និង​ក្រុមហ៊ុន​ហួ​ណេ​ង​គ្រុប​។​

​ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​ចិន​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ នៃ​ «​កំណែទម្រង់​ និង​ការ​បើក​ទូលាយ​»​ ប្រទេស​ចិន​ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ កម្ពុជា​-​ចិន​ ឆ្នាំ​២០១៩​ និង​ជួប​សំណេះសំណាល​ ជាមួយ​និស្សិត​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ផង​ដែរ​៕​