ត្បូងឃ្មុំ តារាកំប្លែង២នាក់ បានរងរបួសក្នុងគ្រោះថ្នាកចរាចរណ៍នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥:៥០នាទីព្រឹក នៅលើកំណាត់ផ្លូវលេខ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បណ្តាលមកពីរថយន្តបែកកង់រ៉េទៅបុកដើមឈើ។
លោកបែន រ័ត្នស្នងការខេត្តត្បូងឃ្មុំបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី (ហៅកុយ) អាយុ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំ ) និងឈ្មោះ ទេស សុជន (នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង (គ្មានរបួស) ធ្វើដំណើរមកពីខេត្តរតនគិរី មកក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបែកកង់រេចង្កូតទៅ បុកដើមឈើតែម្តង។
លោកស្នងការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យមនុស្សស្លាប់ទេ (រងរបួសស្រាល) ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ៕