ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នក នាង យុគ ចិន្តា បានវិលពីការសម្តែងនៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ អ្នកទាំងពីរសម្រេចចិត្តសម្ងំខ្លួននៅតែក្នុងផ្ទះកាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤ ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺ Covid-19។
អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។ ទោះបីជាមានមានការព្រួយបារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជាក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។
នៅសហរដ្ឋអាមេរិកក៏បានការផ្ទុះនូវករណីជំងឺCovid-19 ផងដែរ ដែលធ្វើឲ្យសិល្បករទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយ ឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ។
អ្នកនាង ស៊ុន ស្រីពេជ្រ បានបញ្ជាក់ថា ជាការប្រុងប្រយ័ត្នទាំងអស់គ្នាសូម្បីការជួបជុំស្និទ្ធស្នាលបងប្អូន កូនប្តី ក៏មិនហ៊ាននៅក្បែរគ្នាផង។ នាងចាត់ទុកថាជំងឺCovid-19បាននឹងកំពុងបំផ្លាញក្តីសុខនាង និងមនុស្សគ្រប់គ្នា។
អ្នកនាងនិយាយថា នាងសំងំនៅតែក្នុងផ្ទះទទួលទានតែអាហារក្តៅៗដូចជាបបរជាដើម ហើយនាងស្នើឲ្យប្រជាជនខ្មែរផ្អាកការជួបជុំផឹកស៊ី ឬជុំគ្នាបន្តទៀត ព្រោះវាស្មើនឹងការយកជីវិតក្រុមគ្រួសារទាំងមូលមកលេងសើច ហើយនាងស្នើកុំឲ្យមើលងាយស្ថានភាពជំងឺមួយនេះផងដែរ។
ងាកមកពិធីការិនី យុគ ចិន្តា វិញក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីសមាជិគ្រួសារផងដែរ ដែលសូម្បីតែថ្ងៃទី២៣ ខែមីនាឆ្នាំ២០២០ ដែលជាថ្ងៃខួបកំណើតរបស់នាងក៏មិនមានពិធីជួបជុំណាមួយនោះដែរ។
លើសពីនេះក៏មិនមានមិត្តរួមការងារសិល្បៈមកអបអរសាទរផ្ទាល់ថ្ងៃខួបកំណើតនាងដែរ គឺមានតែការផ្ញើសារជូនពរ ដែលក្នុងនោះពិធីករលោកតាប៊ុយបានផ្ញើសារ និងកាត់នំពីចម្ងាយសម្រាប់នាងផងដែរ។
រហូតមកដល់រសៀលថ្ងៃទី២៤ -២៥ខែមីនា ឆ្នាំ២០២០កម្ពុជា មានករណីឆ្លងវីរុស COVID-19 ចំនួន៩៣ នាក់ហើយ ៕