ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលទស្សនាពិព័រណ៌ ខួប៤០ឆ្នាំនៃកំណែទម្រង់បើកទូលាយប្រទេសចិន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញទស្សនាពិព័រណ៌ក្នុងឱកាសខួប៤០ឆ្នាំ នៃកំណែទម្រង និងការបើកទូលាយប្រទេសចិន នៅសារមន្ទីរជាតិចិន ស្ថិតនៅខាងកើតនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី ២១ មករា ឆ្នាំ២០១៩នេះ។

គោលបំណងសំខាន់នៃសារមន្ទីរ ដើម្បីផ្តល់នូវការសិក្សាអប់រំអំពីសិល្បៈ វប្បធម៍ និងប្រវត្តិសាស្រ្តនៃប្រទេសចិន។ សារមន្ទីរនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងនៃក្រសួងវប្បធម៌របស់ចិន ដែលបានបើកជាផ្លូវការកាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៥៩។

លោក Chunfa Wang នាយកសារមន្ទីរ បានជំរាបប្រាប់ សម្តេចតេជោហ៊ុន សែន អំពីការដាក់តាំងបង្ហាញនូវពិព័រណ៌រូបថត ស្តីពីសកម្មភាពនៃរយៈពេល៤០ឆ្នាំនៃកំណែទម្រង និងការបើកទូលាយរបស់ប្រទេសចិន គឺចាប់តាំងពីសម័យដឹកនាំដោយលោកប្រធានតេស៊ីពីង រហូតមកដល់ដំណាក់ដឹកនាំនាពេលបច្ចុប្បន្ន របស់ប្រធានាធិបតី ស៊ី ជីនពីង។

នៅក្នុងសារមន្ទីរឃើញមានរូបថតពិព័រណ៌ ស្តីពីសមិទ្ធផលប្រទេសចិនចាប់តាំងពីវិស័យកសិកម្ម ឧស្សាហកម្ម សព្វាវុធ និងបច្ចេកវិទ្យា ដែលបានធ្វើឲ្យប្រទេសចិនក្លាយជាមហាអំណាចមួយសព្វថ្ងៃនេះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអញ្ជើញទស្សនាបច្ចេកវិទ្យានៃការបញ្ជារថភ្លើងល្បឿនលឿន ដែលរត់បានជាង៣០០គីឡូម៉ែត្រក្នុង១ម៉ោង។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់របស់ប្រទេសចិន។

តាមរយៈនៃសកម្មភាពដែលបានដាក់តាំងបង្ហាញទាំងអស់នេះ គឺបង្ហាញឲ្យឃើញច្បាស់អំពីលទ្ឋផលនៃកំណែទម្រង់ស៊ីជម្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ស្តីពីទិសដៅនិងអនាគតដ៏ភ្លឺត្រចះត្រចង់របស់ប្រទេស និងប្រជាជនចិនទាំងមូល។

ពិព័រណ៌សមិទ្ធផលរូបថតទាំងនេះ បានបើកឲ្យប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចូលទស្សនាផងដែរ៕