(ភ្នំពេញ)៖ បន្ាប់ពីសាកសួរដេញដោលក្នុងសវនាការពេញមួយ ព្រឹកថ្ងៃទី២៣ ខែមករានេះ តុលាការក្រុងភ្នំពេញ បានត្រឹមតែស្តាប់ចម្លើយរបស់ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវតែម្នាក់គត់ ចំណែកបក្ខពួកផ្សេងទៀត តុលាការសម្រេចបន្តសវនាការសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ ទៅពេលក្រោយ។
សូមបញ្ជាក់ថា សវនាការកាត់ទោសជនជាប់ចោទចំនួន៤នាក់ ដែលពាក់ព័ន្ធអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ជាសហាយស្មន់លួចលាក់របស់ ឡាយ វណ្ណៈ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ មានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុុមប្រឹក្សាជំនុំជម្រះជាចៅក្រម និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។
នៅក្នុងសវនាការ ឡាយ វណ្ណៈ បានសារភាពថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំឡុងខែមិថុនា ឆ្នាំ២០១៦ តាមរយៈលោកមេគយ ខេត្តតាកែវ ឈ្មោះ កែវ វណ្ណី។
ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានស្គាល់គ្នាបានជិត១ខែ ខ្លួនបានរួមស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីមេម៉ាយកូន៣ សម្រេចដូចបំណង និងបានរួមរស់ជាមួយគ្នា ក្នុងនាមគូស្នេហ៍ស៊ីជម្រៅ ប្រកបដោយភាពផ្អែមល្ហែម និងលួចលាក់ រយៈពេលជាង១ឆ្នាំ រហូតដល់ថ្ងៃនាងស្លាប់។
ឡាយ វណ្ណៈ បានបន្តថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រច័ណ្ឌ ថាខ្លួនមានស្រីក្រៅ។
តាមការឆ្លើយបកស្រាយនៅក្នុងសវនាការ បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឲ្យស្នាក់នៅ ហើយពេលនោះ ឡាយ វណ្ណៈ និងជនរងគ្រោះ បានឈ្លោះគ្នា ព្រោះតែនាងប្រច័ណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឲ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។
ដោយសារតែនិយាគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរស័ព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិ អារដៃ សុំឲ្យខ្លួនទៅមើលវិញ។
ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរស័ព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឲ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ»។
លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរស័ព្ទមកម្តងទៀតថា ជនរងគ្រោះ បានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឲ្យទៅមើល និងហៅទូរស័ព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។
ឡាយ វណ្ណៈ បានបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ដំណឹងនេះ ហើយក៏ហៅទូរស័ព្ទទៅ ឡាយ ណារិទ្ធ ជាបងប្រុស និងជាស្នងការរង ឲ្យទៅជួយមើលកន្លែងកើតហេតុ។
ដោយចង់លាក់បាំងពីទំនាក់ទំនងស្នេហាសហាយស្មន់ ឡាយ វណ្ណៈ បានឲ្យឈ្មោះ ម៉េន សាម៉ៃ ទៅយកទូរស័ព្ទ២គ្រឿង ដែលជនរងគ្រោះបន្សល់ទុកក្បែរកន្លែងកើតហេតុ ព្រោះមិនចង់ឲ្យរូបភាពក្នុងទូរស័ព្ទត្រូវបែកធ្លាយ។
ដើម្បីបដិសេធថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះ ឡាយ វណ្ណៈ បានស្បត់ចំពោះមុខមនុស្សនៅក្នុងសវនាការថា «បើខ្ញុំបានសម្លាប់សង្សារមែន សូមវត្ថុស័ក្តិសិទ្ធ បរាមុខខ្ញុំ។ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង។ ធ្លាក់នរក៩ជាន់ អត់ចាប់ជាតិ»។
ចំណែកជនជាប់ចោទពីរនាក់ទៀត ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្តែសំណុំសម្លាប់ស្ត្រីមេមាយរូបស្រស់ ត្រូវបានបិទបាំង ជាបន្តបន្ទាប់។
ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺរឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក និងបានឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ទាំង៤នាក់ ខាងលើតែម្តង៕