(កំពង់ឆ្នាំង)៖ ជាយូរឆ្នាំមកហើយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញអ្នកភូមិដាក់តាំងលក់សត្វព្រៃយ៉ាងណាធិបតេយ្យមិនខ្លាចសមត្ថកិច្ចឡើយ ។ ដោយសារតែភាគច្រើនគេបានយកសត្វឆ្មាស្រុកបកស្បែកលក់បន្លំថាជាសត្វខ្លាត្រី ដែលបញ្ហានេះអ្នកទិញបានឃើញដោយផ្ទាល់ភ្នែក និងបានបង្ហោះតាមហ្វេស្បុគទៀតផង។
រឿងនេះគួរតែសមត្ថកិច្ច និងអាជ្ញាធរ ពាក់ចាត់វិធានការទប់ស្កាត់ នឹងបើនៅតែមានបែបនេះ ពិតខូចឈ្មោះអ្នកកំពង់ឆ្នាំងអស់ហើយ លក់ឆ្មាថាខ្លាត្រី ឯអ្នកនៅទីក្រុងមិនដឹងចេះតែឆ្ងាញ់ទៅពេលអ្នកខ្លះដឹងពិតជាក្អួតលែងចេញ ហួសចិត្ត…!! ។
ជាក់ស្តែងសត្វព្រៃទាំងអស់នោះ មានទាំងសត្វស្លាប មានទាំងសត្វជើង៤ ត្រូវបានគេចងជើងព្យួរតាំងលក់រយីងរយោង តាមតូបនៅតាមបណ្តោយសងខាងផ្លូវជាតិជាតិលេខ៥ ដែលគេសង្កេតឃើញមានដូចជា សត្វ ក្រួច សត្វពស់ និងសត្វពស់ជាដើម ចំណែកសត្វខ្លាត្រី ដែលអ្នកលក់បានប្រាប់នោះ ការពិតជាសត្វសត្វឆ្មា បន្លំភូតភរអ្នកទិញថាជាសត្វខ្លាត្រី។ ដែលគេគួតែឆ្ងល់ថា ទៅរកសត្វខ្លាត្រីឯណាបានក្នុង១ថ្ងៃៗមានជាង១០ក្បាល និង១ឆ្នាំ៣៦៥ថ្ងៃមានរហូតរាល់ថ្ងៃនោះ…!!! គឺឆ្មានៅតាមវត្តក្នុងស្រុករលាប្អៀរក៏ពាយអស់ទៅហើយ។
រឿងជាក់ស្តែងនៅក្នុងAccount Facebook មួយបានសរសេរថាៈខ្ញុំបានឈប់រថយន្ត ឃើញសត្វជើង៤ជាច្រើនក្បាលត្រូវបានគេកោសរោមចេញអស់ដាក់តាំងលក់ ពេលសួរអ្នកលក់គេប្រាប់ថាសត្វខ្លាត្រី។ ប៉ុន្តែខ្ញុំមិនទាន់បានតថ្លៃទិញទេ ព្រោះឈឺបត់ជើងតូចក៏បានដើរទៅក្រោយផ្ទះអ្នកលក់ ក៏ស្រាប់តែបានឃើញសត្វឆ្មាស្រុកជាច្រើនក្បាលត្រូវគេសម្លាប់ដាក់ចោលនៅលើដី។ ពេលនោះទើបខ្ញុំដឹងថាសត្វខ្លាត្រីដែលអ្នកលក់បានប្រាប់នោះ គឺពិតជាសត្វឆ្មាស្រុកនេះឯង ពិតជាហួសចិត្តមិនគួរភូតភរលក់បោកប្រាស់គេដូច្នេះឡើយ។
ទាក់ទងនិងនេះ លោក សោម វឺន អភិបាលស្រុករលាប្អៀរ ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ និយាយអោយដឹងថាៈ លោកបានដឹងរឿងនេះហើយ ចំណែកការដាក់លក់បែបនេះ គឺមិនសមទាល់តែសោះ ខូចឈ្មោះ ស្រុ កខេត្តយើងអស់។
លោកបានបន្តថា ដោយឡែកកាលពីព្រឹកថ្ងៃទី២២ ខែមករា នេះ មានឯកឧត្តមម្នាក់ ដែលចុះមកពិនិត្យ ការសាងសង់ស្ពាន ថ្នល់ នៅក្នុងស្រុករលាប្អៀរ ក៏បាននិយាយរឿងដាក់លក់សត្វឆ្មាបន្លំថាជាខ្លាត្រីដែរ។ មិនត្រឹមតែប៉ុណ្ណឹង មានខ្លះយកកូនឆ្កែ បន្លំជាសត្វនេះ សត្វនោះលក់បោកប្រាស់អោយអ្នកទិញទៀតផង។ ជុំវិញរឿងនេះលោកនឹងសហការជាមួយមន្ត្រីជំនាញ កោះហៅអ្នកលក់សត្វព្រៃម្តុំនេះមកប្រជុំអប់រំដើម្បីលប់បំបាត់ មិនអោយដាក់លក់ដូចនេះទៀតឡើយ ។
លោកអភិបាលស្រុកសំណូមពរផងដែរដល់បងប្អូនអ្នកដំណើរសូមកុំទិញសត្វខ្លាត្រី នៅម្តុំនេះដែលការពិតគឺជាសត្វឆ្មាស្រុកទេ ៕