ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីវែណេស៊ុយអេឡាបណ្តេញមន្ត្រីទូតអាមេរិកទាំងអស់ចេញពីប្រទេសរបស់ខ្លួន

 

ប្រធានាធិបតីប្រទេសវែណេស៊ុយអេឡា បានប្រកាសបណ្តេញមន្ត្រីទូតអាមេរិកទាំងអស់ចេញពីប្រទេសរបស់ខ្លួន ដែលរុញច្រានឲ្យមានភាពតានតឹងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងវែណេស៊ុយអេឡា បានកើនឡើង ដល់កម្រិតខ្ពស់បំផុត ។

ប្រធានាធិបតីវែណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយសហរដ្ឋអាមេរិក ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទ ព្យាយាមធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅវែណេស៊ុយអេឡា ។

ការប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិកនេះ ត្រូវបានធ្វើឡើង ក្រោយពី ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ប្រធានគណបក្សប្រឆាំងនៅប្រទេសវែណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសនេះ ។

លោក Nicolas Maduro បានប្រកាសទុកពេល៧២ម៉ោង ឲ្យមន្ត្រីទូតអាមេរិកទាំង អស់ចាកចេញឲ្យផុតពីទឹកដីវែណេស៊ុយអេឡា ហើយបើមិនចាកចេញតាមកាលកំណត់ទេ លោកនឹងមិនទទួលខុសត្រូវលើសន្តិសុខទេ ។
រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានចេញសេចក្តីប្រកាសមួយថា អាមេរិកនឹងមិនដកអ្នកការទូតរបស់ខ្លួនចេញពីប្រទេសវែណេស៊ុយអេឡាទេ ទោះបីជាប្រធានាធិបតីវែណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយអាមេរិកក៏ដោយ ៕