ភ្នំពេញ៖ សត្វជ្រឹងនៅកម្ពុជា ត្រូវបានចែក ចេញជា០៣ប្រភេទ គឺជ្រឹងធំ ជ្រឹងមធ្យម និងជ្រឹងកោះ ហើយក៏ជាប្រភេទថនិកសត្វតែមួយគត់ ដែលអាចហើរបាន ចំណែកឯចំណីអាហាររបស់វាវិញ មានដូចជា ផ្លែឈើទុំផ្កា និងលំអងផ្កា ជាដើម។
បើទោះជាជ្រឹងជាសត្វដែលមិនស៊ីសាច់ជាអាហារ និងជាសត្វស្លូត ដែលខុសពីប្រភេទប្រចៀវមួយចំនួនដែលស៊ីសាច់ជាអាហារ ប៉ុន្តែរូបរាងរបស់វា ធ្វើឱ្យមនុស្សមិនសូវចូលចិត្តទៅវិញ។
សូមបញ្ជាក់ថា សត្វជ្រឹងនៅប្រទេសកម្ពុជា មានស្ទើរគ្រប់ទីកន្លែង ប៉ុន្តែសម្រាប់នៅរាជធានីភ្នំពេញវិញ នៅពេលដែលយើងធ្វើដំ ណើរតាមផ្លូវរង្វង់មូលវត្តភ្នំផ្នែកខាងកើត យើងតែងសង្កេតឃើញសត្វជ្រឹងរាប់ពាន់ក្បាលកំពុងតោង ឬដេក នៅលើដើមឈើមួយដើមធំ ដោយក្បាលចុះក្រោម និងក្រញ៉ាំ តោងមែកឈើ នៅក្នុងបរិវេណទីតាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អ្នកដែលនៅជិតនោះតែងតែឮសម្លេងស្រែកយំចេកចាចឡើងកងរំពងរបស់ពួកវានៅលើលំហវេហាប្រៀបបាននឹងសូរតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្លះវិញ គិតថាជាការរំខានទៅវិញ។
អ្នកស្រី ស្រ៊ុន គន្ធា ដែលជាអ្នកលក់ផ្កានៅបរិវេណវត្តភ្នំ បានឱ្យដឹងថា ខ្ញុំសាំទៅហើយ ចំពោះសម្លេងសត្វជ្រឹងនេះ កាលពីមុនអាចថារំខានដែរ តែពេលនេះអត់ទេ។ ចំពោះអ្នកដំណើរវិញ ឱ្យតែជិះកាត់បរិវេណនេះ ខ្ញុំសង្កេតឃើញថា ពួកគាត់តែងតែងើយមើលរកប្រភពសម្លេងផងដែរ។ ចំពោះសត្វជ្រឹង ពួកវាមកនៅតាំងពីពេលណានោះ ខ្ញុំក៏ពុំដឹងដែរ គ្រាន់តែ ពេលដែលខ្ញុំចាប់ផ្តើមលក់ផ្កានៅទីនេះគឺ ឃើញវារស់នៅរួចទៅហើយ ។
សត្វជ្រឹងតែងតែចេញរកចំណីរនៅពេលយប់ ព្រោះភ្នែករបស់ពួកវាមើលច្បាស់នៅពេលយប់ និងដេកនៅពេលថ្ងៃ។ ជាទូទៅគេ សង្កេតឃើញថា សត្វជ្រឹង ក៏ស្ថិតក្នុងអំបូរប្រចៀវផងដែរ ហើយពួកវាចូលចិត្តរស់នៅទីកន្លែងងងឹតដែលមិនសូវមានពន្លឺព្រះអាទិត្យចាំងដល់ ដែលជាលក្ខខណ្ឌសម្រាប់ពួកវាដេកនៅពេលថ្ងៃ ម្យ៉ាងទៀតពួកវាចូលចិត្តរស់នៅទីព្រៃឆ្ងាយ ដើម្បី គេចពីការតាមប្រមាញ់របស់មនុស្សផងដែរ ៕