ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មានបានគាំទ្រការបង្កើតបណ្ណាល័យអេឡិចត្រូនិក និងប្រកាសផ្តល់សៀវភៅល្អៗ ក៏ដូចជាទិន្ន័យឯកសារសំខាន់ៗ របស់ក្រសួង ដើម្បីដាក់បញ្ជូល ទៅក្នុងបណ្ណាល័យនេះ។
លោករដ្ឋមន្រ្ដីបានលើកឡើងបែបនេះក្នុងជំនួបជាមួយ លោកជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOB AL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) កាលពីថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២០ ។
លោក ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្រុមស្ថាបនិករបស់ បណ្ណាល័យ Electronic (KUMNIT) ដែលបានរួមគ្នាបង្កើតឡើងនូវ បណ្ណាល័យមួយ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង ឬជាកន្លែងប្រមូលផ្តុំ ទៅដោយកម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយស្រួល ដល់សិស្ស និស្សិត យុវជន និងសាធារណជន ក៏ដូចជាសហគ្រិនទូទៅ។
លោករដ្ឋមន្រ្ដី រំពឹងថា បណ្ណាល័យថ្មីមួយនេះ នឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន និងលើសកលលោក ជាពិសេសសិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូទៅផងដែរ៕