ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារផែនការ ៤ឆ្នាំស្តីពី ” កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង” ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) មានបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។
លោករដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថាន IRRI ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ជាងនេះទៅទៀតបានរួមចំណែកធ្វើឱ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថា ជាអង្ករមានគុណភាពល្អបំផុត។
លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា IRRI នឹងនៅតែបន្តជួយដល់ផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើការអនុវត្តផែនការ៤ឆ្នាំ ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀតទាំងការងារវិទ្យាសាស្រ្ត បច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ។
លោក Dr. YASMI បានថ្លែងថា ចំពោះវិទ្យាស្ថាន CARDI និងអគ្គនាយកដ្ឋានកសិកម្មដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកដើម្បីចូលរួមអភិវឌ្ឍវិស័យផលិតកម្មស្រូវកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រីកការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ បណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងការរៀបចំគោលនយោបាយសំខាន់ៗទាក់ទងផលិតកម្មស្រូវកម្ពុជា និងការនាំចេញ។
សូមបញ្ជាក់ថា វិទ្យាស្ថាន IRRI បានធ្វើកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍផលិតកម្មដំណាំស្រូវតាំងពីឆ្នាំ១៩៦៣។ បន្ទាប់ពីរបបប៉ុលពតត្រូវបានបញ្ចប់ នៅឆ្នាំ១៩៨៥ ទើបកិច្ចសហប្រតិបត្តិការចាប់ផ្តើមដំណើរការឡើងវិញ។ នៅឆ្នាំ១៩៨៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារ MOU ជាមួយ IRRI ហើយ MOU នេះត្រូវបានពន្យារសុពលភាពរៀងរាល់ ៥ឆ្នាំម្តង ៕