ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គួច ចំរើន គោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្ត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។

លោកអភិបាលខេត្ត បានសរសេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​ ខាងមុខនេះ​ តាងនាម​ឲ្យព្រះសង្ឃ​ ក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ​ទាំងអស់​ និងក្នុងនាម​ខ្លួនខ្ញុំផ្ទាល់​ ព្រមទាំង​ភរិយា​ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានការវិវឌ្ឍរីកចម្រើនថែមទៀត។

«ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​បារមីដ៏ស័ក្តិសិទ្ធិរបស់ជំទាវម៉ៅ​ ​ដែលគ្រប់គ្រងនៅខេត្តព្រះសីហនុ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ សព្ទសាធុការពរជ័យជូន សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រា-បុត្រី និងចៅៗ​ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕