ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានិងUN ចុះកិច្ចព្រមព្រៀងរួមគ្នាលើកម្មវិធីការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី២

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយតំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួនបួន អង្គការ( ILO, UNESCO, UNICEF និង UNIDO) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយវិសមភាពនៅក្នុងប្រទេស។

ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមសហប្រធានក្រុមប្រឹក្សាគម្រោង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។

លោក បណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលលំបាកនេះ ដែលយើងបានឃើញដៃគូអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍អន្តរជាតិបានរួមគ្នាគាំទ្រដល់យុវជនវ័យក្មេងងាយរងគ្រោះនៅកម្ពុជា ជំនះនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគតការងារដ៏ភ្លឺស្វាង។

លោកស្រី Pauline Tamesis បានឲ្យដឹងថា ទាក់ទងទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារការរាលត្បាតនៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាការផ្លាស់ប្តូរបរិយាកាសប្រព័ន្ធឌីជីថល និងប្រជាសាស្ត្រ។ យុវជនជាស្រី្ត និងបុរសវ័យក្មេងចំនួន ១៦០,០០០នាក់ បានចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ និងត្រូវការជាខ្លាំងនូវជំនាញ និងសមត្ថភាពក្នុងការដោះស្រាយនូវបញ្ហាទាំងអស់នេះ។

លោកស្រី Pauline បានបន្តថា កម្មវិធីដំណាក់កាលទី២នេះនឹងទាញយកផលប្រយោជន៍ពីការចូលរួមរបស់វិស័យឯកជន រួមមាន សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្មសម្របសម្រួលការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ និងការចូលរួមកាត់បន្ថយការមិនស៊ីចង្វាក់គ្នានៃជំនាញរបស់យុវជនវ័យក្មេងនៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះនឹងផ្តល់ឱ្យយុវជនដែលបោះបង់ការសិក្សា និងងាយរងគ្រោះនូវកញ្ចប់ការសិក្សាប្រកបដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញបច្ចេកទេស ជំនាញសហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរដែលកំពុងមានតម្រូវការ ដើម្បីធានាថាពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព ៕