ឧត្តរមានជ័យ៖ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយគោលការណ៍ឥណទានរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទំលាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ ។
លោកកៅ ថាច បានមានប្រសសាន៍ថា ការផ្តល់ជូនឥណទានដល់ប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម ឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលពីបរទេស ។
លោកអគ្គនាយក បន្ថែមទៀតថា នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លងកូវីដ-១៩ និងបញ្ហា EBA រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែ សម្រួលកម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងការកែសម្រួលលក្ខណ្ឌមួយចំនួនផងដែរ។
ដោយសង្កេតឃើញខេត្តឧត្តរមានជ័យជាខេត្តមានសក្តានុពលខាងផ្នែកកសិកម្ម មានផ្ទៃដីធំ និងមានជីវជាតិល្អ លោកកៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ ឲ្យចងក្រងគ្នាជាក្រុមផលិតឲ្យបានច្បាស់លាស់ និងបង្កើនការផលិតប្រកបដោយគុណភាព និងមានស្តង់ដារ ជាពិសេសត្រូវរៀបចំផែនការក្នុងការដាំដុះឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការរកទីផ្សារ និងចៀសវាងការដាំដុះច្រើនលើសតម្រូវការ ដែលជាដើមហេតុធ្វើឲ្យតំលៃធ្លាក់ចុះ។
លោកកៅ ថាច បានស្នើដល់មន្ទីរកសិកម្មខេត្ត បន្តជួយបច្ចេកទេស ដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្តអំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ ឲ្យបានជ្រាបដលប្អូននៅតាមមូលដ្ឋាន ៕