ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វឌ្ឍនភាព នៃសក្តានុពលរបស់ខេត្តព្រះសីហនុ

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វិស័យសេដ្ឋកិច្ចសំខាន់ក្នុងខេត្តព្រះសីហនុ ដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក គួច ចំរើន បានបញ្ជាក់ថា សក្តានុពលតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ទីតាំង(បួនទីតាំងកំពុង និងប្រាំមួយទៀតត្រៀមដំណើរការ) អាកាសយានដ្ឋានអន្តជាតិខេត្តព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានប្រសិទ្ធនាម«តារារៈ នាទិសនារតី»។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការស្ថាបនាហេដ្ឋារចនាសម័្ពន្ធទាំងអស់នេះ ជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការសម្រេចនូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំ ចក្ខុវិស័យឆ្នាំ២០២៣ សំដៅអភិវឌ្ឍខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង មជ្ឈ មណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារធម្មជាតិ តាមរយះការអភិវឌ្ឍទីក្រុងវៃឆ្លាត និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានចម្ងាយ ២៣០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ តាមផ្លូវជាតិលេខ៤ និង២៦០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្ត កណ្តាល តាកែវ និងខេត្តកំពត ។

ខេត្តព្រះសីហនុ មានស្រុកចំនួន៣ ក្រុងចំនួន២ មានចំនួន៦សង្កាត់ និងឃុំចំនួន២៣ ស្មើ១១១ភូមិ មានផ្ទៃដីសរុបប្រមាណ ២.៦៥៩គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋសរុបចំនួន៣០២.៨៨៧នាក់ ស្រី១១១.៣១២នាក់ ៕