ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បានសហការជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដាំកូនឈើ ប្រភេទដើមធ្នុងចំនួន១០០ដើម តាមបណ្តោយផ្លូវជាតិលេខ៤ដើម្បីលើកកម្ពស់ សោភ័ណភាពទីក្រុងបៃតងក្នុងភូមិសាស្រ្តខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា កូនឈើទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គ្រោងនឹងដាំបន្តចំនួន៦០០ដើមថែមទៀតដើម្បីរួមចំណែកថែរក្សាបរិស្ថានតាមដងផ្លូវ និងព្រមទាំងរួមចំណែក បង្កើនភាពបៃតងក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ដាំដើមឈើ ហើយបើគិតមកដល់ពេលនេះ ទាំងដើមឈើចាស់និងដើមឈើដាំថ្មី នៅក្នុងរាជធានីភ្នំពេញមានដើមឈើ ប្រមាណជាងប្រាំម៉ឺនដើមហើយ ៕