កំពង់ចាម៖ លោកស្រីកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាខាខេត្តកំពង់ចាម ដែលមានទីតាំងនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ចំពោះវត្តមានធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងនិយោគិនទាំងអស់ ក៏ដូចជាការមកដល់នៃពាណិជ្ជកម្មថ្មីៗ លើទឹកដីខេត្តកំពង់ចាម នេះជាការចូលរួមចំណែកបម្រើតម្រូវការ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម នេះជាតម្រូវការពាណិជ្ជកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ មានមូលដ្ឋានរឹងមាំ និងមានលទ្ធភាពផ្តល់ផលិតផល និងសេវាកម្មសម្រាប់អតិថិជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
លោកស្រីកិត្តិព្រឹទ្ធិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ចាក់ថា កត្តាសន្តិភាព ដែលចេញពីនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងបានកសាងជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិដែលបានមកវិនិយោគនៅកម្ពុជា ពិសេសបានធ្វើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានស្ថិរភាព ។
លោកស្រីបញ្ជាក់ទៀតថា ជាក់ស្តែងការដាក់ទុនវិនិយោគរបស់ធនាគារជីបម៉ុង បានបង្ហាញពីការជឿទុកចិត្ត ការគាំទ្រ និងការចូលរួមកាន់តែសកម្មជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមបញ្ចាក់ថា សាខាធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ខេត្តកំពង់ចាម ជាសាខាខេត្តទី២ ដែលធនាគារ ជីប ម៉ុង បានបើកដំណើរការ ខណៈសាខាទាំងអស់ មាន០៩ទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា៕