មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយះការចរចាជុំទីបីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលទើបបញ្ចប់នាពេលកន្លងទៅនេះ ភាគីទាំងពីរ អាចនិងឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចុងឆ្នាំ២០២០នេះ ដោយរងចាំការសម្រេចពីរដ្ឋាភិបាលរៀងៗខ្លួន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចចារជុំទីបី លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី៩ ខែមិថុនានេះបង្ហាញថា តាមរយះកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (អនឡាញ) ដឹកនាំដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមអ្នកចរចាកម្ពុជា និងលោក យ៉ាង ចឹងវី (Yang Zhengwei) អគ្គនាយករងក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមអ្នកចរចាចិន។
មន្រ្តីខាងលើលើកឡើងថា កិច្ចចរចាបានផ្តោតសំខាន់ទៅលើការបើកច្រកទីផ្សារទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច -បច្ចេកទេស និងផ្នែកនីតិកម្ម ដែលនឹងជំរុញការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគបរទេសឱ្យកាន់តែកើនឡើងថែមទៀត។
ក្រុមការងារបច្ចេកទេសកម្ពុជា-ចិនទាំង១០ក្រុម បានរាយការណ៍ពីវឌ្ឍនភាពសម្រេចបាន និងស្នើសុំអនុសាសន៍លើបញ្ហាប្រឈមផ្នែកបច្ចេកទេស ច្បាប់ និងគោលនយោបាយពីប្រធានក្រុមអ្នកចរចានៃប្រទេសទាំងពីរ។
ក្នុងកិច្ចចរចាជុំទីបីនេះកម្ពុជា-ចិន បានដោះស្រាយបញ្ហាសេសសល់ទាំងស្រុងនៃអត្ថបទកិច្ចព្រមព្រៀង (Agreement Text) ហើយក៏បានឯកភាពលើគោលការណ៍សំខាន់ៗទាក់ទងនឹងការបើកច្រកទីផ្សារ (Market Access) ផ្នែកទំនិញ និងសេវាផងដែរ។
ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមអ្នកចរចា ប្រសិនជារដ្ឋាភិបាលនៃប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារ នោះកំណើននាំចេញពីកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងលើសពីអត្រាកំណើនក្នុងឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៩ ដែលមានប្រមាណថា ២០% គិតជាមធ្យមក្នុង១ឆ្នាំៗ។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងឯកឧត្តម លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីកាលពីដើមឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។
ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ៕