ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរទីតាំងទីលានចាក់សំរាមនៅខណ្ឌដង្កោ ទៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាលលើទំហំដីប្រមាណ២០ទៅ៥០ហិកតា។ កន្លែងចាក់សំរាមចាស់នឹងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។
នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំ វិសាមញ្ញលើកទី១៣របស់ក្រុម ប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម ។ ក្រៅពីនេះយើងក៏បានជ្រើសរើសយក ទីតាំងផ្ទេរសម្រាមចំនួនបីផ្សេងទៀតនៅជាយក្រុងភ្នំពេញ ដូចជា នៅខណ្ឌព្រែកព្នៅមាន២ ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងខណ្ឌធិ៍សែនជ័យមាន ១ទីតាំង ។ ដោយសារបីទីតាំងនេះ ក៏កំពុងហានិភ័យ នៃការទទួលសំរាមដោយទីតាំងនីមួយៗ ត្រូវពេញ និងហៀរទៅហើយ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានឯកភាពពីការយកចិត្ដទុកដាក់ពីអនាម័យបរិស្ថាននៅទីក្រុង ត្រូវតែដោះស្រាយរឿងសំរាមជាមុនសិនទើបចាប់ផ្ដើមធ្វើកិច្ចការងារផ្សេងៗជាក្រោយទៀត ៕