ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្នុងរយៈពេលជិតមួយឆមាសនៃឆ្នាំ២០២០ នេះ ក្រុមហ៊ុនសហគ្រាស និងអាជីវកម្មប្រមាណជាង២៥០អង្គភាពនៅប្រទេសជប៉ុន បានដួលរលំ ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក ។
វីរុសកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងអាជីវកម្មក្ស័យធន គឺដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ ទាំងនៅប្រទេសជប៉ុន និងប្រទេសមួយចំនួននៅលើពិភពលោក ដែលធ្វើឲ្យសកម្មភាពរបស់ក្រុមហ៊ុន មិនដំណើរការ ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា មិនត្រឹមតែក្រុមហ៊ុន សហគ្រាស និងអាជីវកម្មទេ ដែលក្ស័យធនដួលរលំ សូម្បីតែសណ្ឋាគារចំនួន៤១កន្លែង ភោជនីយដ្ឋាន និងហាងចំនួន៣៤កន្លែង និងហាងលក់សម្លៀកបំពាក់ចំនួន១៨ផ្សេងទៀត នៅប្រទេសជប៉ុន ក៏បានក្ស័យធនដួលរលំផងដែរ ៕