ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រឹទ្ធសភាអនុម័តគាំទ្រ ៥៨លើ៥៨សម្លេង លើសេចក្តីព្រាងច្បាប់ស្តីពី«ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ»

ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការីបានចូលទៅការពារសេចក្តីព្រាងច្បាប់ នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា (១៦មិថុនាឆ្នាំ២០២០)ដោយបានធ្វើការបកស្រាយពន្យល់នីតិវិធីជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា ដោយអនុវត្តស្របតាមគោលការណ៏លទ្ធិប្រជាធបិបតេយ្យ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានវិសាលភាពអនុវត្តចំពោះ ៖

-ការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើ សំ ណើនោះមិនមានកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

-ការស្វែងរកការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្ម ទណ្ឌពីរដ្ឋទទួលសំណើទាំងអស់ទោះបី រដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើ ទាក់ទងនឹងការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋបរទេសណាមួយ តាមរយៈមធ្យោបាយស្របច្បាប់ផ្សេងទៀតឡើយ។

សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌតាក់តែងឡើង មាន ៦ជំពូក ៤ផ្នែក ៧អនុផ្នែកនិងមាន៤៤ មាត្រា។

ច្បាប់នេះ តាក់តែងឡើងមានគុណប្រយោជន៍ក្នុងការធានាដល់ការអនុវត្តសំណើសុំជំនួយផ្នែកច្បាប់ និងការអនុវត្តសន្ធិសញ្ញានានាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុង វិស័យព្រហ្មទណ្ឌ ជាការបង្កើតឲ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់បំពេញបន្ថែមឲ្យក្រមនីតិវិធីព្រហ្ម ទណ្ឌ និងជាមូលដ្ឋានគតិយុត្តមួយជាក់លាក់ ដែលបំរើដល់ការពង្រឹងនិងការពង្រីកកិច្ចសហប្រតិ បត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក​។

សូមបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ” តាក់តែងឡើងមានគោលបំណងកំណត់អំពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបរទេសទាក់ទងនឹងដំណើរការនីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។

សម័យប្រជុំព្រឹទ្ធសភាលើកទី៥នីតិកាលទី៤បានពិភាក្សា ផ្តល់យោបល់ និងអនុម័តដែលមានសម្លេងគាំទ្រជាឯកច្ឆ័ន ៥៨/៥៨សម្លេង កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ ២០២០ ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ៕