អគ្គនាយកដ្ឋានពន្ធដារមានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី២ “ពន្ធដារ ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។កិច្ចប្រជុំដឹកនាំ ដោយលោក ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ ផ្នែកឯកជន។
មន្រ្តីសំខាន់ទៀត គឺ លោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ផ្នែកអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។
លោក ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ ផ្នែកឯកជនបានថ្លែងបញ្ជាក់ថា«គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអនុវត្តនៅក្នុងវិស័យហិរញ្ញវត្ថុ ធនាគារនាពេលបច្ចុប្បន្ន»។
លោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ផ្នែកអគ្គនាយកដ្ឋានពន្ធដារ អះអាងថា« លោកនឹងដោះស្រាយទៅលើសំណូមពរក៏ដូចជាបញ្ហាប្រឈមនានារបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារ»។